បោះឆ្នោតអាល្លឺម៉ង់ ៖ គណបក្សរបស់អធិកាបតី Angela Merkel បរាជ័យក្នុងការបោះឆ្នោត
ក្រោយរយៈពេល ១៦ឆ្នាំដឹកនាំអាល្លឺម៉ង់ លោក ស្រី Angela Merkel ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីពលរដ្ឋ។ ដោយឡែកនៅក្នុងអណាត្តិនេះ លោកស្រី លែងឈរឈ្មោះជាបេក្ខភាពទៀតហើយក្រោយការដឹកនាំអាល្លឺម៉ង់ដោយជោគជ័យរយៈពេល១៦ឆ្នាំកន្លងមក។ ក្រោយផ្លាស់ប្តូរបេក្ខភាពគណបក្សCDU/CSU របស់លោកស្រីបានបរាជ័យក្នុងការបោះឆ្នោតតែម្តង។
សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានផ្សាយថា លទ្ធផលផ្លូវការនៃការបោះឆ្នោតសកល នៅប្រទេសអាល្លឺម៉ង់ បានបង្ហាញឲ្យឃើញថា គណបក្សសង្គមប្រជាធិបតេយ្យ SPD គឺជាអ្នកដែលទទួលបានអាសនៈច្រើនជាងគេ។
យោងតាមសេចក្តីប្រកាសរបស់ អាជ្ញាធរត្រួតពិនិត្យការបោះឆ្នោតរបស់អាល្លឺម៉ង់ គណបក្ស SPD ទទួលបានជ័យជម្នះប្រផិតប្រផើយតែប៉ុណ្ណោះ លើគណបក្សអភិរក្សនិយម CDU/CSU របស់អធិការបតីអាល្លឺម៉ង់ចាំផ្ទះ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) ក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១។
លទ្ធផលផ្លូវការបានបង្ហាញថា គណបក្ស SPD ឈ្នះបានសំឡេងគាំទ្រ២៥.៧ភាគរយ បន្ទាប់មកគណបក្ស CDU/CSU ទទួលបាន ២៤.១ភាគរយ ខណៈគណបក្សបៃតង ទទួលបាន១៤.៨ភាគរយ។ ការបោះឆ្នោតនេះ បិទបញ្ចប់សម័យកាលកាន់អំណាច ១៦ឆ្នាំរបស់លោកស្រី អាន់ជែឡា មើគែល ដែលសម្រេចមិនឈរឈ្មោះជាអធិការបតី ក្នុងការបោះឆ្នោតលើកនេះឡើយ។ លោកស្រី ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំកាន់អំណាចបានយូរបំផុតមួយនៅអឺរ៉ុប។
យ៉ាងណាមិញ បុគ្គលដែលត្រូវឡើងជាអធិការបតីអាល្លឺម៉ង់ថ្មី នឹងមិនទាន់អាចកំណត់ច្បាស់ទេ ទាល់តែកិច្ចព្រមព្រៀងបង្កើតក្រុមចម្រុះ ដើម្បីដឹកនាំរដ្ឋាភិបាល ត្រូវចរចាបង្កើតឡើង។
គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះបែបនេះហើយ គណបក្ស SPD នឹងចាប់ផ្តើមដំណើរការចរចា ដើម្បីបង្កើតរដ្ឋាភិបាល ខណៈវាជាដំណើរការមួយ ដែលអាចចំណាយពេលរាប់សប្តាហ៍ ឬរហូតដល់រាប់ខែ ទើបសម្រេចទៅបាន។ តួយ៉ាងបន្ទាប់ពីការឈ្នះឆ្នោតរបស់គណបក្សលោកស្រី មើគែល កាលពីខែកញ្ញា ឆ្នាំ២០១៧ ទម្រាំតែបង្កើតរដ្ឋាភិបាលបាន គឺចំណាយពេល់ទៅដល់ជាង៥ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។