ចុង​សប្ដាហ៍​ទី​៤ ខែ​នេះ​! កម្ពុជា ទទួលបាន​ទេសចរ​ផ្ទៃក្នុង​ជាង​១០​ម៉ឺន​នាក់ កើន​ជាង​សប្ដាហ៍​មុន ២៩%

​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​២៤-២៥-២៦ ខែកញ្ញា ឆ្នាំ​២០២១ ភ្ញៀវទេសចរ​ផ្ទៃក្នុង​បានចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន ១០២,០៦៣ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១០០,៥១២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,៥៥១ នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់ នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ៣២,៧៩៣ នាក់​
* ខេត្តកំពត​៖ ២៤,៣២៩ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៨,១៩៨ នាក់​
* ខេត្ត​កែប​៖ ៦,៧៥០ នាក់​
* ខេត្តកំពង់ស្ពឺ​៖ ៥,៦០៧ នាក់​
* ខេត្តតាកែវ​៖ ៤,៥៩៨ នាក់​
* ខេត្តមណ្ឌលគិរី​៖ ៤,២៦២ នាក់​
* ខេត្តពោធិ៍សាត់​៖ ៣,៦៣១ នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា តួលេខ​នេះ​បន្ត​កើនឡើង​ប្រមាណ ២៩.១៦% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ គោលដៅ​ទេសចរណ៍​ខេត្ត​តំបន់​ឆ្នេរសមុទ្រ ពិសេស​ខេត្តកំពត និង​គោលដៅ​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​នៅ​ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និង​ខេត្តពោធិ៍សាត់ ជា​គោលដៅ​ពេញនិយម​សម្រាប់​ការដើរ​កម្សាន្ត​នា​សប្តាហ៍​កន្លងមក លើកលែងតែ​តំបន់​សៀមរាប​អង្គរ ដែល​កំពុងមាន​ការបិទ​ខ្ទប់​។​

​ឯកឧត្ដម​បាន​បន្តថា តាម​ការសង្កេត​ជាក់ស្តែង ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មួយចំនួន​បានរៀបចំ​ជា​ចង្ហាន់ និង​គ្រឿង​ឧបភោគបរិភោគ ដើម្បី​ប្រគេន​ជូន​ព្រះសង្ឃ​នៅតាម​បណ្តា​វត្ត​ទៅតាម​ប្រពៃណី​កាន់​ដោយ​រៀបចំ​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត ចាំ​ទទួល​ចង្ហាន់​នៅត្រឹម​ខ្លោងទ្វារ​ចូល​វត្ត​។ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​មួយចំនួន​បាន​បន្តដំណើរ​កម្សាន្ត​ទៅកាន់​គោលដៅ​ទេសចរណ៍​នានា​ជាមួយ​ម្ហូបអាហារ​ដែល​បានរៀបចំ​ទុកជា​ស្រេច ដោយ​ចុង​សប្តាហ៍​នេះ​។​

​នៅតាម​គោលដៅ​ទេសចរណ៍​នានា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​នូវ​វិធានការ «៣​កុំ និង ៣​ការពារ​» ពិសេស​បាន​ពាក់​ម៉ាស់​ជាប្រចាំ និង​ការជ្រើសរើស​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ធម្មជាតិ សហគមន៍ និង​អេកូ​ទេសចរណ៍​។​

​រដ្ឋបាល​គ្រប់​ថ្នាក់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​បាន​សហការគ្នា​ចុះ​ជំរុញ​ការអនុវត្ត​វិធាន ៣​ការពារ ៣​កុំ សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​អប្បបរមា (SOP) ដោយ​រៀបចំ​ឲ្យ​មាន​ក្រុមការងារ​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​អាជីវកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្ដម ថោង ខុន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close