ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើង២.២% នៅឆ្នាំ២០២១ និង ៤.៥% នៅឆ្នាំ២០២២

បើយោងតាមរបាយការណ៍ថ្មី​មួយ​ដែលចេញផ្សាយ​ដោយធនាគារពិភពលោក បានធ្វើការព្យាករណ៍​សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា​នៅឆ្នាំ​២០២១នេះ គឺមានកំណើន​​ប្រមាណ ២,២ភាគរយ ខណៈ​ឆ្នាំ​២០២២ខាងមុខ គេរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹង​កើន​ដល់ ៤,៥ភាគរយ។

បើតាមការលើកឡើងរបស់ធនាគារពិភពលោក ប្រទេសកម្ពុជា​កំពុងជួប​ប្រទះ​ការ​ផ្ទុះ​ឡើង នៃការឆ្លង​ជំងឺកូវីដ១៩ ដែលបណ្តាលមក​ពីមេរោគ​បំប្លែងឌែលតា ដោយ​ការឆ្លង​ និង​ការស្លាប់មានការកើនឡើងយ៉ាងឆាប់រហ័ស, ការផ្ទុះឡើងនូវ​ការឆ្លង ដែលបានបន្ត​អូស​បន្លាយ​តាំងពីត្រីមាសទី២ ឆ្នាំ​២០២១ បានធ្វើ​ឲ្យការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​មានភាពយឺតយ៉ាវ ពិសេស​វិស័យសេវាកម្ម សំណង់ និង​អចលនទ្រព្យ។

យ៉ាងណាក៏ដោយ ដោយសារលក្ខខណ្ឌ​តម្រូវ​ការ​ខាង​ក្រៅ​មានលក្ខណៈល្អប្រសើរ ការនាំចេញទំនិញត្រូវបានពង្រីកបន្ថែម ដោយ​កើនឡើង ១៧ភាគរយ ក្នុងរយៈពេល​ ៧ខែដំបូង នៃឆ្នាំ​២០២១ ដែលជំរុញ​ដោយ​ការងើបឡើងវិញ នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និង​ទំនិញធ្វើដំណើរ​ដែល​មាន​ចំនួន ៦៣,១ ភាគរយនៃការនាំចេញសរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close