ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឱ្យប្រជាជនត្រៀមខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩
តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គម Instagram លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើការអំពាវនាវឲ្យប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ត្រៀមខ្លួនរស់នៅរួមគ្នាជាមួយជំងឺកូវីដ-១៩ ពីព្រោះជំងឺរាតត្បាតនេះនឹងក្លាយជាជំងឺត្រាំត្រែងក្នុងពេលឆាប់ៗនេះ។
លោកនិយាយថា ចាប់តាំងពីមួយឆ្នាំកន្លះនេះមក ប្រទេសឥណ្ឌូណេស៊ីបានតស៊ូដោះស្រាយជាមួយនឹងបញ្ហាជំងឺកូវីដ-១៩។ លោកថា ស្ថានភាពនេះបានប្រសើរឡើងកាលពីពេលថ្មីៗនេះដែលបានឆ្លុះបញ្ចាំងតាមរយៈអត្រានៃការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ (BOR)។ ការរឹតត្បិតទៅលើសកម្មភាពសហគមន៍ (PPKM) ត្រូវបានបន្ធូរបន្ថយនៅក្នុងតំបន់ជាច្រើន ខណៈពេលទីផ្សារទំនើប ព្រះវិហារ កន្លែងទាក់ទាញភ្ញៀវទេសចរ បានចាប់ផ្តើមបើកដំណើរការវិញ ហើយសាលារៀនបានចាប់ផ្តើមរៀបចំសម្រាប់ថ្នាក់រៀនដោយផ្ទាល់ផងដែរ។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យប្រជាជនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលការរឹតត្បិតសង្គមមួយចំនួនត្រូវបានបន្ធូរបន្ថយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។