វត្ថុបុរាណខ្មែរចំនួន៥ ត្រូវបញ្ជូនពីអង់គ្លេស មកកម្ពុជាវិញ
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាថ្មព្រះសិវស្តន្ទ មកពីប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្វរៈ និងកន្សៃទូកសំរឹទ្ធ ត្រូវបានដឹកបញ្ជូនពីប្រទេសអង់គ្លេស មកប្រទេសកម្ពុជាវិញហើយ។
ក្រោយការមកដល់ប្រទេសកម្ពុជា រូបចម្លាក់ទាំង៥រូបនេះ នឹងត្រូវយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់ ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ដែរថា វត្ថុបុរាណទាំង៥នេះ គឺជាការបញ្ជូនក្នុងដំណាក់កាលដំបូង ក្រោយពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាចហ្វត ស្តីពីការបញ្ជូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរ ដែលមានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។