គម្រោងថ្មីចំនួន២ទៀត បោះទុនជាង ៣៣លានដុល្លារ នឹងបើកដំណើរការនៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តឲ្យគម្រោងថ្មីចំនួន ២បន្ថែមទៀត បើកដំណើរការ ក្នុងទំហំទុនសរុបចំនួន ៣៣.១លានដុល្លារអាមេរិក និងបានផ្តល់ការងារជាង ១ពាន់កន្លែងទៀត។
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១៨កន្លែង។
ដោយឡែក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលបានដាក់ពាក្យស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ, រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។