អង្គការសហប្រជាជាតិ ព្រួយបារម្ភ​ពី​ស្ថានភាព រស់នៅ​របស់​ជនភៀសខ្លួន​ស៊ី​រី នៅ​លី​បង់​

បរទេស​៖ អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ ពាក់ព័ន្ធ​នឹង​បញ្ហា​បាត់បង់​សមត្ថភាព​ក្នុងការ​រស់នៅ និង​លក្ខខណ្ឌ​រស់នៅ​ដ៏​សមរម្យ​របស់​ជនភៀសខ្លួន​ស៊ី​រី​នៅក្នុង​ប្រទេស​លី​បង់ ដែល​កំពុងតែបន្ត​នៅឡើយ​។​

​ទាំង​គណៈកម្មការ​គ្រប់គ្រង​ជនភៀសខ្លួន (UNHCR) ទាំង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) និង​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ (UNICEF) ផងដែរ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ថា ជនភៀសខ្លួន​ស៊ី​រី​ទាំងអស់ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​លី​បង់​នៅពេលនេះ គឺ​មិនអាច​សូម្បី​ទទួលបាន​សំភារៈ និង​សេវាកម្ម​ជា​មូលដ្ឋាន ដែល​អាច​អនុញ្ញាតិ​អោយ​ពួកគេ​រស់រានមានជីវិត​បានឡើយ​។

សេចក្តីថ្លែងការណ៍​នេះ​បាន​កត់សម្គាល់ថា កុមារ​ជនភៀសខ្លួន​ស៊ី​រី​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ ដែល​ការ​ចូលរៀន​ថ្នាក់បឋមសិក្សា​របស់​កុមារ​មាន​អាយុ​ពី ៦ ទៅ ១៤ ឆ្នាំ​ធ្លាក់ចុះ ២៥ ភាគរយ​នៅ​ឆ្នាំ ២០២១​។ លើសពីនេះ និន្នាការ​កើនឡើង​នៃ​ពលកម្ម​កុមារ ក្នុងចំណោម​កុមារ​ស៊ី​រី​បាន​បន្ត​នៅ​ឆ្នាំ ២០២១ ដោយមាន​កុមារ​ជនភៀសខ្លួន​ស៊ី​រី​យ៉ាងតិច​២​ម៉ឺន​៧​ពាន់​៨២៥​នាក់​បច្ចុប្បន្នកំពុង​បម្រើ​ការងារ​។​

​យ៉ាងណាមិញ ទីភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ​ទាំងបី​ខាងលើនេះ ក៏បាន​បញ្ជាក់ដែរថា នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​សហការ​ទាំងឡាយ ដើម្បី​អាច​ផ្តល់​ការគាំទ្រ ដែល​ត្រូវការ​ចាំបាច់​ដល់​សហគម​ន៍​ងាយ​រងគ្រោះ​ទាំងអស់នោះ រួមទាំង​ជនជាតិ​លី​បង់​ផង និង​ជនភៀសខ្លួន​ស៊ី​រី​ផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close