រដ្ឋបាលខេត្តព្រះសីហនុ បើកការស៊ើបអង្កេតជុំវិញករណីកាស៊ីណូ ដឹសេនជូរី បង្ខាំងបុគ្គលិកជាង ៤០០នាក់
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ប្រកាសថា ចំពោះការលើកឡើងថា កាស៊ីណូ ដឹសេនជូរី បង្ខាំង បុគ្គលិកជាង ៤០០នាក់ ដោយគ្មានការព្រមព្រៀង រដ្ឋបាលខេត្ត នឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្ត នឹងចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងករណីផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម និងបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូ ដឹសេនជូរី និងអគារ ស្នាក់នៅបុគ្គលិក ដឹសេនជូរី ក្នុងករណី បង្ខាំងបុគ្គលិកជាង ៤០០ នាក់ ជិតពីរឆ្នាំ និងបានឆ្លងជំងឺកូវីដ-១៩ រហូតទៅដល់ស្លាប់នារីម្នាក់ ថាអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធមិនមានការ ជួយអន្តរាគមន៍ជុំវិញបញ្ហាទីតាំងខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណជនឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ សេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផលគឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់។
ដោយពិនិត្យឃើញថាទីតាំងនោះ អគារធំទូលាយ និងមានកន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្ត បានសម្រេចដាក់កាស៊ីណូ ដឹសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឹសេនជូរី ជាកន្លែងធ្វើចត្តាឡីស័ក ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក។ ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នកជំងឺ ថាតើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ។
រដ្ឋបាលខេត្តសូមបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅព្យាបាលនៅទីតាំងខាងលើ គឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ព្រមទាំងបានបង្កើតគ្របតេឡេក្រាម (ទប់ស្កាត់ COVID9) ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ ចំពោះអាហារហូបចុកគឺបានផ្តល់ជូន៤ពេលក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួនផងដែរ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ និងបានផ្តល់ថ្នាំសម្រាប់រយៈពេល០៣ថ្ងៃ ដោយបានណែនាំបន្ថែមករជាមានអាការមិនស្រួលខ្លួនសូមទំនាក់ទំនងមកក្រុមគ្រូពេទ្យភ្លាម។
ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩ និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្រុបតេឡេក្រាម (ទប់ស្កាត់ COVID19) ដោយបានប្រាប់ថាមានអ្នកជំងឺម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំមានអាការកួត ពេលនោះក្រុមគ្រូពេទ្យក៏បានមកពិនិត្យ និងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាមដានអាការជំងឺរបស់គាត់។ លុះដល់ម៉ោង០៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដែលមានអាការមិនធូរស្រាល និងបាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏បានស្លាប់បាត់បង់ជីវិតតែម្តង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញគឺដោយសារគាត់ពុលអាហារ កួត) និងបាត់បង់ជាតិទឹកច្រើនពេក។
រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល មានអាខោនហ្វេសបុកឈ្មោះDoung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថាពួកខ្លួនបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិតជាក់ស្តែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅទីតាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូដ-១៩។
រហូតមកដល់ម៉ោង០៤រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧ និង២៧នាទីបគាត់ចុះមកជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាលនៅទីតាំងអាសយដ្ឋានៈ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថានឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួកគាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។