៩ខែ ឆ្នាំនេះ! កម្ពុជា នាំចេញកសិផលមានបរិមាណសរុបជិត ៦លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស កើនឡើងជាង ៨៨%
ភ្នំពេញ៖ បើតាមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានឲ្យដឹងថា ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ការនាំចេញកសិផលទៅក្រៅប្រទេស ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧តោន ស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០។
កសិផលសំខាន់ៗ ដែលកម្ពុជាបាននាំចេញ រួមមាន៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៧៤មុខផ្សេងទៀត។
ចំពោះតម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៣ ៤៨៩ ៧៧៦ ៩៩៩,០៥ដុល្លារអាមេរិក ដែលក្នុងនោះ៖
-ការនាំចេញអង្ករមានចំនួន ៣៤៩ ៩១៤ ៦៩៦ ដុល្លារអាមេរិក
-ការនាំចេញស្រូវមានចំនួន ៤២៨ ៩៥៤ ៧១០ ដុល្លារអាមេរិក
-ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៧១០ ៩០៧ ៥៩៣,០៥ ដុល្លារអាមេរិក។
រីឯការនាំចេញកសិផលសរុប ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៨,៤៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,៦៩% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។