ថៃ គ្រោងចាយថវិកា ៤៧ពាន់លានបាតទៀត ជួយ SME បង្កើតការងារថ្មីៗ
ថៃ៖ ទីភ្នាក់ងារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នាថ្ងៃទី១ តុលានេះថា រាជរដ្ឋាភិបាលថៃគ្រោងនឹងដាក់ចេញវិធានការបន្ថែមទៀត ជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម ឬ SME ដើម្បីជួយរក្សាការងារ និងបង្កើនការងារថ្មីៗ ជាមួយនឹងទឹកប្រាក់ ៤៦.៩ពាន់លានបាត ឬជិត១៤០០លានដុល្លារអាមេរិក។
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល Thanakorn Wangboonkongchana បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច ហៅកាត់ថា CESA កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានព្រមព្រៀងលើវិធានការនេះ ជាគោលការណ៍ហើយ។
វិធានការនេះមានគោលដៅជួយដល់ SME ដែលមានបុគ្គលិក ២០០នាក់ ឬ តិចជាងនេះ រក្សាការងាររបស់ពួកគេ ឲ្យបាន៩៥ភាគរយ ហើយលើកទឹកចិត្ត ដល់សហគ្រិន បង្កើនការងារថ្មីៗទៀត សម្រាប់អ្នកចូលធ្វើការងារថ្មី។
វិធានការនេះនឹងគ្របដណ្តប់លើ SME ជាង៤៨ម៉ឺនក្រុមហ៊ុន ដោយរំពឹងថា នឹងជួយរក្សានិងបង្កើតការងារថ្មី ជូនបុគ្គលិក ជាង៥លាននាក់ នេះបើតាមលោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ហៅកាត់ថា NESDC ដោយបានគូសបញ្ជាក់ថា វិធានការថ្មីនេះ ក៏តម្រូវឲ្យរដ្ឋាភិបាលផ្តល់ជាសាច់ប្រាក់ ៣ពាន់បាត ក្នុងមួយខែ ជូនដល់បុគ្គលិកម្នាក់ៗ ចាប់ពីខែវិច្ឆិកា ២០២១ ដល់ ខែមករា ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។