នាយទាហានជាន់ខ្ពស់៥រូប សុំលាលែងចេញពីតួនាទីនាយរងសេនាធិការចម្រុះ
ភ្នំពេញៈ នាយទាហានជាន់ខ្ពស់ចំនួន០៥រូប បានសុំលាលែងចេញពីតួនាទីជានាយរងសេនាធិការចម្រុះ ដោយនៅកាន់តែមុខតំណែងតែមួយប៉ុណ្ណោះ។
នេះបើយោងតាមលិខិតដែលនាយទាហានជាន់ខ្ពស់ទាំង ៥រូបនោះ ផ្ញើជូនលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងឝោក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដែលធ្លាក់ដល់ដៃអ្នកកាសែតកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
នាយទាហានជាន់ខ្ពស់ ទាំង០៥រូប ដែលសុំលាលែងចេញពីតួនាទីជានាយរងសេនាធិការចម្រុះ មានដូចជា៖ ១. ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣។ ២. ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២។ ៣. ឧត្ដមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការ កងពលតូចទ័ពឆត្រយោង៩១១។ ៤. ឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១។ ៥. ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៧០។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់កាសែតក្នុងស្រុកសៀុលថ្ងៃទី២០ ខែកញ្ញា ថា ការលាលែងចេញពីនាយរងសេនាធិការចម្រុះ របស់នាយទាហានទាំង ៥រូប គឺជាការស័្មគ្រចិត្ត ដើម្បីបន្ថយតួនាទី ប៉ុន្តែនៅតែស្ថិតក្រោមការដឹកនាំបញ្ជារបស់កងទ័ពជើងគោកដដែល។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានអនុសាសន៍ ក្នុងពិធីបែងចែកភារកិច្ចនៃថ្នាក់ដឹកនាំក្រសួងការពារជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញាថា អ្នកដែលមានតួនាទីពីរក្នុងជួរកងទ័ព គួរពិចារណាកាត់បន្ថយ ដោយទុកតែតួនាទីមួយបានហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។