ក្រសួង​ធនធានទឹក សូម​ឲ្យ​ពលរដ្ឋ​រស់នៅ​អម​សងខាង​ស្ទឹងសែន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ទឹកជំនន់​!

​ភ្នំពេញ​៖ កម្ពុជា បាននិងកំពុង​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​មធ្យម ហើយ​បន្ត​ទៅមុខទៀត​នឹង​ទទួល​ឥទ្ធិពល​ផ្សេងៗ​ថែមទៀត​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១​។​

​ក្រសួង​បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ខេត្តព្រះវិហារ ដែលជា​ប្រភពដើម​របស់​ស្ទឹងសែន បណ្តាលឱ្យ​កើតមាន​ជា​ជំនន់​ទឹកភ្លៀង ហើយ​ទឹក​នេះ នឹង​បន្ត​ហូរ​ធ្លាក់​ទៅ​ខេត្តកំពង់ធំ តាមរយៈ​ស្ទឹងសែន​។

​ការ​នេះ យោងតាម​ការពិនិត្យ​កម្ពស់​ទឹក​នៅ​ស្ថានីយ​ជល​សាស្ត្រ​តាម​ដង​ស្ទឹងសែន នា​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ ២០២១ ឃើញថា នៅ​ស្ថានីយ​ស្ពាន​ដូន​ម៉ា​-​ឃុំ​រក្សា ខេត្តព្រះវិហារ ទឹក​មាន​កម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃ​ម្សិលមិញ ០,៣៤ ម៉ែត្រ ។ នៅ​ស្ថានីយ​សណ្តាន់ ខេត្តកំពង់ធំ ទឹក​មាន​កម្ពស់ ១៨,២៦ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃ​ម្សិលមិញ​០,១០​ម៉ែត្រ​។ នៅ​ស្ថានីយ​ខេត្តកំពង់ធំ ទឹក​មាន​កម្ពស់ ១៣,៣១​ម៉ែត្រ ទឹក​នៅ​នឹង​។​

​យោង​លើ​ស្ថានភាព​កម្ពស់​ទឹក​ខាងលើ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណៈជន ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ស្ទឹងសែន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close