កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន —
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងមានការរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ផងដែរ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសេចក្តីព្រាងផែនការសកម្មភាព១០០ថ្ងៃរបស់ ក្រសួង ដើម្បីបង្កើនសក្តានុពលក្នុងការជួយចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានវឌ្ឍនភាពប្រាកដ និងបន្តផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងការលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើងថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំផងដែរអំពីសមិទ្ធផលសម្រេចបានសំខាន់ៗទាក់ទងនឹងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាលពីអាណត្តិកន្លង ក្រោមការដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំ និងជំរុញលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវបន្តការខិត ខំប្រឹងប្រែងធ្វើការងារឲ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវនៅតាមមុខតំណែងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិទាំងមូល។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីក្រោមឱវាទទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងធ្វើការប្រកបដោយជោគជ័យកន្លងមក និងបានសំណូមពរឱ្យបន្តការប្តេជ្ញាចិត្តរបស់ខ្លួនប្រកប ដោយឆន្ទៈខ្ពស់ ដើម្បីជោគជ័យរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាលនិងប្រទេសជាតិមាតុភូមិយើង ត្រូវមានស្មារតីសហការគ្នាល្អ និងរួបរួមសាមគ្គីគ្នាក្រោមដំបូលមហាគ្រួសារក្រសួងសាធារណការ និងដឹក ជញ្ជូនទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។