សម្ដេចក្រឡាហោម ណែនាំឱ្យកចិត្តទុកដាក់លើមេឃុំ ចៅសង្កាត់ ស្មៀនឃុំ ស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។ ពិធីប្រកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម។ ជាមួយគ្នានេះសម្ដេចក៏បានគូសបញ្ជាក់អំពីការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។
សម្ដេចបានសង្កត់ធ្ងន់ថា គណៈអភិបាលខ្លះមិនគោរពក្រុមប្រឹក្សានោះទេ ដ្បិតយល់ថាសមាជិកក្រុមប្រឹក្សានោះមានសមាសភាពមកពីអ្នកដែលធ្លាប់មានឋានៈតូចតាចជាងខ្លួន ប៉ុន្តែការគិតដូច្នេះត្រូវបានសម្ដេចចាត់ទុកថាការគិតខុស និងស្នើសុំឱ្យមានការកែប្រែចំណុចនេះ ដើម្បីពង្រឹងរបៀបរបបការងារឡើងវិញ។
សម្ដេចក៏បានគូសបញ្ជាក់ពីមន្ត្រីឱកាសនិយម មន្ត្រីប្រើអំណាចដោយរំលោភ ដោយសង្កត់ធ្ងន់ឱ្យចៀសវាងកុំធ្វើជាមន្ត្រីបែបនេះឱ្យសោះ ព្រោះជាបញ្ហាដែលនាំផ្ទៃក្នុងមិនរឹងមាំ។ សម្ដេចក៏បានបន្តណែនាំឱ្យកចិត្តទុកដាក់លើតួអង្គ៤ដែលសំខាន់ រួមមានមេឃុំចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ។
សម្ដេចបានណែនាំឱ្យផ្ដល់ការលើកទឹកចិត្តដល់សមាសភាពសំខាន់ទាំង៤នេះឱ្យខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល។ សម្ដេចបានសង្កត់ធ្ងន់ថា សមាសភាពមន្ត្រីទាំង៤ខាងលើនេះ គឺជាអ្នកកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋអាចដឹងថាគាត់ធ្វើបានល្អ ឬមិនល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។