អូស្ត្រាលី ប្រកាសទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុនឱសថអាមេរិក «Merck»

នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន បានលើកឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះថា អូស្ត្រាលីនឹងទិញថ្នាំគ្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន ៣០ម៉ឺនបន្ទះពីក្រុមហ៊ុនអាមេរិក Merck ។

ថ្នាំប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលប្រើដើម្បីព្យាបាលជំងឺកូវីដ ១៩ ត្រូវបានគេស្គាល់ថា «molnupiravir» ។ ថ្នាំគ្រាប់ molnupiravir នឹងក្លាយជាថ្នាំគ្រាប់ប្រឆាំងវីរុសដំបូងបង្អស់ សម្រាប់ជំងឺកូវីដ ១៩ ។

ការសាកល្បងបណ្តោះអាសន្នបានបង្ហាញថា វាអាចកាត់បន្ថយប្រហែល ៥០ ភាគរយនៃឱកាសចូលមន្ទីរពេទ្យឬស្លាប់ចំពោះអ្នកជំងឺដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ។

ថ្នាំ molnupiravir ត្រូវបានគេរំពឹងថានឹងមានលក់នៅអូស្ត្រាលីនៅដើមឆ្នាំក្រោយ ប្រសិនបើមានការយល់ព្រមពីនិយ័តករថ្នាំរបស់ប្រទេសនេះ។ ក្រុមហ៊ុន Merck (MRK.N) រំពឹងថានឹងផលិតថ្នាំគ្រាប់នេះបានចំនួន ១០ លានបន្ទះនៅចុងឆ្នាំ ២០២១ ។

កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ និង ម៉ាឡេស៊ីសុទ្ធតែបាននិយាយថា ពួកគេកំពុងពិភាក្សាដើម្បីទិញថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ ១៩ នេះ ខណៈដែលហ្វីលីពីនកំពុងដំណើរការសាកល្បងថ្នាំគ្រាប់នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close