ជប៉ុន ផ្តល់ជំនួយជាង ៧០លានដុល្លារទៀត ដល់កម្ពុជា
ភ្នំពេញ ៖ ប្រទេសជប៉ុន បានបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រមាណជាង ៧២ លានដុល្លារទៀត។ រដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តម ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុននៅភ្នំពេញ នឹងចុះហត្ថលេខាទទួលជំនួយឥតសំណងនិងឥណទានសម្បទានពីប្រទេសជប៉ុនក្នុងចំនួន ៧២,៧២ លានដុល្លារ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅក្រសួងការបរទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងរបស់ក្រសួងការបទេសកម្ពុជា បានឱ្យដឹងថា ជំនួយនេះនឹងបែងចែកជាពីរ គឺជំនួយឥណទានសម្បទានលើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ដំណាក់កាលទី ២ ដែលមានទឹកប្រាក់សរុបជាង ៦ លានយ៉េន ឬស្មើនឹង ៥៨,២១ លានដុល្លារអាមេរិក ។
ចំណែកជំនួយហិរញ្ញប្បទានឥតសំណងលើគម្រោងជាច្រើនទៀត ក្នុងនោះរួមមាន គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន ឬស្មើនឹង ១,៨ លានដុល្លារអាមេរិក។ គម្រោងសម្ភារបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន ឬប្រមាណជា ២,២៧ លានដុល្លារអាមេរិក ។
គម្រោងសម្ភារបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងជ្ឈមណ្ឌលទិន្នន័យដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន ឬប្រមាណជា២,២៧ លានដុល្លារអាមេរិក គម្រោងបំពាក់ឧបករណ៍សម្ភារនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ មានទឹកប្រាក់សរុប ៤០០ លានយ៉េន ឬប្រមាណ ៣,៦៣ លានដុល្លារអាមេរិក និងគម្រោងបំពាក់សម្ភារបរិក្ខារនិងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិច ត្រូនិក និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន ឬស្មើនឹង ៤,៥៤ លានដុល្លារអាមេរិក ។
កម្ពុជាចាត់ទុក ជំនួយឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។