ពន្លា​ជាតិ​កម្ពុជា នៅ​ទីក្រុង​ឌុយ​បៃ ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​អារ៉ាប់ និង​ភ្ញៀវ​អន្តរជាតិ​

ទីក្រុង​ឌុយ​បៃ សហភាព​អារ៉ាប់​រួម​៖ ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​២០២០ នៅ​ទីក្រុង​ឌុយ​បៃ សហភាព​អារ៉ាប់​រួម បាន​ឈាន​ចូលដល់​សប្តាហ៍​ទី​២​ហើយ ក្រោយពី​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅ​។ ក្រសួងពាណិជ្ជកម្ម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ចាត់ចែង និង​រៀបចំ​តុបតែង​ពន្លា​ជាតិ​កម្ពុ​ជាមួយ​ទំហំ ៣៨៤.៥ ម​២ កម្ពស់ ២​ជាន់ ចូលរួម​ក្នុង​ពិព័រណ៍​ពិភពលោក​នេះ​។​

​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជ្រើស​រើសយក​ប្រធានបទ​រង “​និរន្តរភាព (Sustainability)” ពន្លា​ជាតិ​កម្ពុជា ត្រូវបាន​រៀបចំ​រចនា​ឡើង​យ៉ាង​ប្រណិត​តាម​រចនាបទ​ខ្មែរ ដែលមាន​ចក្ខុវិស័យ​ច្របាច់​បញ្ចូល​គ្នា​នូវ​ភាពល្បីល្បាញ​ផ្នែក​វប្បធម៌​បុរាណ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន រវាង​សម័យកាល​សំខាន់ៗ​ចំនួន ៤ គឺ​៖ សម័យមុន​អង្គរ សម័យអង្គរ សម័យ​លង្វែក (​ឬ​សម័យ​ឧ​ត្តុ​ង្គ​) និង​សម័យ​ចតុមុខ (​ភ្នំពេញ​បច្ចុប្បន្ន​)​។ គួររំលឹកថា ពន្លា​ជាតិ​កម្ពុជា ឋិត​ក្នុងចំណោម​ពន្លា​ជាតិ​ជាង ៣០​ប្រទេស ត្រូវបាន​គណៈកម្មការ​ពិព័រណ៍​ពិភពលោក​ជ្រើសរើស​ដាក់​ឲ្យ​ដំណើរ​ការបើក​សាកល្បង​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​។ មកទល់ពេលនេះ ពន្លា​ជាតិ​កម្ពុជា មាន​អ្នក​ចូល​ទស្សនា​រាប់ពាន់នាក់ ហើយ​បានទទួល​ការចាប់អារម្មណ៍ និង​កោតសរសើរ​យ៉ាងខ្លាំងបំផុត​ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ ជាពិសេស​ប្រជាជន​អារ៉ាប់​តែម្តង​។​

​ភ្ញៀវ​ទស្សនា ត្រូវបាន​ពន្យល់​ឲ្យ​ដឹង​អំពី​ការកសាង​ទីក្រុង​ដែល​សម្បូរ​ទៅដោយ​វប្បធម៌ អរិយធម៌​កម្ពុជា​ដ៏​រុងរឿង​ដែល​ត្រូវបាន​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​ក្នុងសម័យ​កាល​នីមួយៗ ជាពិសេស​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​តាម​សម័យកាល​នីមួយៗ ព្រមទាំង​បង្ហាញ​អំពី​ការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការជំរុញ​វិស័យ​វិនិយោគ និង​ទេសចរណ៍​ផងដែរ​។ ភ្ញៀវ​ទស្សនា​ភាគច្រើន មានការ​ភ្ញាក់ផ្អើល និង​មាន​អារម្មណ៍​ហាក់ដូច​ខ្លួន​បានមក​ដល់​ប្រទេស​កម្ពុជា ដែនដី​សុវណ្ណ​ភូមិ​មួយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដ៏​ចំណាស់​ពិតៗ​អញ្ចឹង ព្រោះតែ​រូបភាព​ទាំងអស់​ត្រូវបាន​តុបតែង​រចនា​ឲ្យ​ដូច​ជាក់ស្តែង​ពិតៗ ហើយ​រូបចម្លាក់​ធ្ងន់ៗ​ដូចជា ម៉ា​កែ​ត​ប្រាសាទអង្គរវត្ត ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រហ្ម​មុខ​៤ ចម្លាក់​តោ ព្រះ​វិស្ណុ ព្រះ​សិវៈ ឆ្មាំ​ប្រាសាទ ។​ល​។ ត្រូវបាន​ដឹក​មកពី​កម្ពុជា​ផ្ទាល់​ដើម្បី​រៀបចំ​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។​

​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទស្សនា​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ម៉ា​កែ​ត​ប្រាសាទអង្គរវត្ត និង​តំបន់​ឆ្នេរសមុទ្រ ដែល​ភ្ញៀវ​ទស្សនា​បាននាំគ្នា​ថតរូប និង​ថត​វីដេអូ​ទុកជា​អនុស្សាវរីយ៍​គ្រប់ៗ​គ្នា​។ ក្នុងនោះដែរ ក៏មាន​ការចូលរួម​គាំទ្រ​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទីក្រុង​ឌុយ​បៃ លោក​ឧកញ៉ា ឌួង ឆាយ ព្រមទាំង​គណៈប្រតិភូ​ចិន និង​គណៈប្រតិភូ​សហភាព​អារ៉ាប់​រួម ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឬ​ទ្ធី រស្មី ទីប្រឹក្សា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ផងដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា ពិព័រណ៍​ពិភពលោក​២០២០ នៅ​ទីក្រុង​ឌុយ​បៃ សហភាព​អារ៉ាប់​រួម មាន​រយៈពេល ៦​ខែ គិត​ចាប់ពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១ ដល់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ហើយ មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស និង​អង្គការ​អន្តរជាតិ​ធំៗ ចំនួន ១៩២​។ តាម​ការគ្រោងទុក កម្ពុជា នឹង​រៀបចំ​ប្រារព្ធ ទិវា​ជាតិ​កម្ពុជា (Cambodia National Day) នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុងឱកាស​នោះ នឹងមាន​រៀបចំ​ការសម្តែង​សិល្បៈ​វប្បធម៌ របាំ​ប្រពៃណី​ខ្មែរ ការបង្ហាញ​ម្ហូបអាហារ​ខ្មែរ ពិធី​ដង្ហែរ​ក្បូន​ព្យុហយាត្រា ។​ល​។ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​លើកស្ទួយ​វប្បធម៌ អរិយធម៌​ខ្មែរ និង​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​ល្បី​រន្ទឺ​ថែមទៀត​នៅលើ​ឆាក​អន្តរជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close