រដ្ឋមន្ត្រីក្រសួងការងារ ប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ ការប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន ការពារនូវសុខភាព និងសេចក្តីសុខរបស់ប្រជាជនរួចផុតពីជំងឺរាតត្បាតជាសកល កូវីដ-១៩ ហើយយើងអាចរៀបចំដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់យើងជាបណ្តើរៗឡើងវិញ ធានាបាននូវការរស់នៅមួយដែលយើងអាចរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ហើយបានខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដែលបានធ្វើឱ្យមានភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។
គួរជម្រាបជូនផងដែរថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថាន អ.ប.វ. ចំនួន ១៩៩ ក្នុងនោះគ្រឹះស្ថាន អ.ប.វ. សាធារណៈ ចំនួន៣៨ និងឯកជន អង្គការ/សមាគម ចំនួន១៦១ ដែលមានសិក្ខាកាម សិស្ស និស្សិត ប្រមាណជាង ៦០.០០០នាក់ បានបញ្ចប់ការសិក្សានិងចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។