អាស៊ានរួមគ្នាដាំកូនឈើនិងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ជាទីក្រុង វប្បធម៌អាស៊ាន

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ដែលត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ាន ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ទីក្រុងសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ហើយការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២នេះ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីខ្មែរ សម្បូរទៅដោយប្រាង្គប្រាសាទ និងមរតកវប្បធម៌ជាច្រើន ទាំងរូបី និងអរូបី ហើយក៍ជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ពិសេសការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន ។
ឯកឧត្តម បន្តថា៖ការរៀបចំកម្មវិធីដាំកូនឈើនិងជិះកង់នេះឡើងគ្រាន់តែជាចំណែកក្នុងចំណោមកិច្ចការនានាដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំឡើង ដើម្បីបង្ហាញពីតួនាទីនៃទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២ កម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេននៃកិច្ចប្រជុំលើកទី៩ រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដែលដឹកនាំប្រជុំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយៗដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយនៃប្រទេសរបស់ខ្លួន ដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន ។
ទីក្រុងវប្បធម៌អាស៊ាន ដែលធ្លាប់បានជ្រើសរើសកន្លងមករួមមាន ៖ ១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១ , ២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នាំ ២០១២-២០១៣ , ៣. ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០១៤-២០១៥ , ៤. ទីក្រុង Bandar Seri Begawan នៃប្រទេសប្រ៊ុយណេ ចាប់ឆ្នាំ ២០១៦-២០១៧ , ៥. ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨-២០២០ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។