ធ្លាយដំណឹងថា ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ត្រូវថ្នាក់លើដកចេញពីតំណែង ព្រោះតែប្រព្រឹត្ត​អំពើទុកលួយ​ច្រើន​ពេក

ខេត្តកំពង់ធំ៖ ប្រភព​មន្រ្តី​រដ្ឋបាល​ស្រុក​ស្ទោង​ បាន​ឲ្យដឹងថា ពេល​នេះ​គណៈ​ឯកភាពស្រុក​ កំពុង​ត្រៀម​ធ្វើការ​ដក​លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោងហើយ ក្រោយ​ពីមានការ​ផ្តិតមេដៃ​តវ៉ា​ពី​ប្រជាពលរដ្ឋ ព្រោះ​តែប្រធានការិយាល័យភូមិ​បាលស្រុក​រូបនេះ ប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិតជាមួយឈ្មួញឲ្យមាន​ការ​សាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ៦ ។

ប្រភពច្បាស់ការបានឲ្យដឹងថា កន្លងមក​មានពួកនាយទុនជាច្រើននាក់បានឆ្លៀតឱកាស ក្នុងអណ្ណត្តិលោក លោកលឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ សាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ផ្ទុយពីអនុក្រឺត្យណែនាំរបស់រាជរដ្ឋាភិបាល ។

មួយវិញទៀត លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ក៏បានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តផងដែរ តាមរយៈ​ការ​ដើរគៀបសង្កត់ប្រជាពលរដ្ឋ នៅពេល​ពួកគាត់រត់ការដើម្បីកាត់ប្លង់ដី ដោយ​បុគ្គលរូបនេះ​យកលើសពីកំរ៉ៃសេវាដែលអន្តរក្រសួងបានប្រកាស ដូចជាកាត់ប្លងដីមូយប្លង់ ត្រូវអស់លុយពី ៨០០រហូតរាប់ពាន់ដុល្លារ ចំណែកអ្នកសាងសង់ផ្ទះ យកពីគេ ៥០០ រហូតដល់៣០០០ដុល្លារជាដើម ។

ចំពោះករណីនេះ យើង​មិន​អាចស្វែង​រក​ការ​បំភ្លឺពី​លោក លឹម ប៊ុនហេង បានទេ​នៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ ក្រោយ​ពី​ទទួលដំណឹងថា ថ្នាក់លើនឹងដកតំណែង​ប្រធានការិយាល័យភូមិ​បាលស្រុកស្ទោង ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បាន​សម្តែងនូវសេចក្តីត្រេតអរ ជាខ្លាំង ដោយសារតែកន្លងមកប្រជាពលរដ្ឋរងទុក្ខនិងការគៀបសង្កត់ជាយូរមកហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close