ចាប់ខ្លួនជនជាតិចិន ៤នាក់ រឹបអូសគ្រឿងញៀនមួយចំនួនធំ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយកាស៊ីណូហួយ ហ័រ ក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀនមួយចំនួនធំ។

ក្នុងប្រតិបត្តិការនោះ បានចាប់ខ្លួនជនសង្ស័យម្នាក់ជនសង្ស័យ ឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងព្រះសីហនុ និងដកហូតវត្ថុតាងបាន ម្សៅក្រាមចំនួន ២៦កញ្ចប់, ម្សៅសថ្លា ១១កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទម្សៅ(MDMA) ចំនួន ១កញ្ចប់, ថ្នាំញៀនអ៊ីចស្តាស៊ី ប្រភេទទឹក(MDMA)ចំនួន ៤ដប, ថ្នាំគ្រាប់មានអក្សរWY មេតំហ្វេតាមីន ចំនួន ៣កញ្ចប់, ទូរស័ព្ទចំនួន ២គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ ដែលទទួលបាននៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញ បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៀត ឈ្មោះ CHEN JING HUAI និងឈ្មោះ CHEN GUO FENG ជាជនជាតិចិនដូចគ្នា និងដកហូតម្សៅក្រាមសថ្លាចំនួន ៥កញ្ចប់, រុក្ខជាតិក្រៀមចំនួន ១កញ្ចប់, ម្សៅក្រាមចំនួន ១២កញ្ចប់, ថ្នាំគ្រាប់អក្សរWY មេតំហេ្វតាមីនចំនួន ១៣កញ្ចប់, ថ្នាំញៀនអ៊ីចស្តាស៊ីប្រភេទទឹក(MDMA) ចំនួន២ដប, ថ្នាំញៀនអ៊ីចស្តាស៊ីប្រភេទម្សៅ(MDMA) ចំនួន ២កញ្ចប់, ម្សៅក្រាមពណ៌ប្រផេះចំនួន ១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំចំនួន ២គ្រឿង, ទូរស័ព្ទចំនួន ១ គ្រឿង។
លុះមកដល់វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ LU JIAN MIN ជនជាតិចិន និងដកហូតបាន ម្សៅក្រាមចំនួន ៧កញ្ចប់ និងទូរស័ព្ទចំនួន ២គ្រឿងថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបានជំនាញ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។