ចាប់​ខ្លួន​អតីត​អភិបាល​រង​ស្រុក​ព្រៃ​នប់ ​និង​អតីត​មេ​ឃុំ​បិត​ត្រាំង ​និង​បក្ខ​ពួក​​ពី​បទ​កាប់​ទន្ទ្រាន ​និង​ឈូស​ឆាយ​ដី​ខុស​ច្បាប់

ព្រះសីហនុ ៖ អតីតអភិបាលរងស្រុក​ព្រៃនប់ អតីតមេឃុំបិតត្រាំង ព្រមទាំងបក្ខពួកសរុបចំនួន៨នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួនកាលពីពេលថ្មីៗនេះ ក្រោយ​រកឃើញថា មានជាប់ពាក់ព័ន្ធករណីកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់​ជាច្រើន​ករណីនៅ​មូលដ្ឋានខេត្តព្រះសីហនុ។

បើតាមសេចក្តីរាយការណ៍ថា ក្រុមនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ និងជាប្រធានគណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាប​ការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ និងបន្ទាប់ពី​តុលាកាចោទពីបទការទន្ទ្រាន កាប់ឆ្ការ កាន់កាប់ហ៊ុព័ទ្ធ ឈូសឆាយដីរបស់រដ្ឋដោយខុសច្បាប់ជាច្រើនករណី ក្នុងនោះ​មានទាំងបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទផ្តល់សេចក្តីប្រកាស​ក្លែងភូតភរ​កុហក​ផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ បានបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ណុប ភាន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតអភិបាលរងស្រុកព្រៃនប់) ដើរតួជាម្ចាស់ដី ក្លែងស្នាមមេដៃ

*ទី២៖ ឈ្មោះ រស់ ប៊ីថុល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី ជាអ្នកមានលុយតួនាទី អ្នករត់ការ ឯកសារក្លែង ទៅគ្រប់មន្ទីរក្រសួង

*ទី៣៖ ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី អ្នកក្លែងឯកសារ និងមេចលនាកៀងគរប្រជាពលរដ្ឋឱ្យទៅចាប់ដី រួចខ្លួនការពារពីក្រោយ

*ទី៤៖ ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ៣៥ឆ្នាំ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត ជាអតីតមេឃុំបិតត្រាំង ជំនាញក្លែងឯកសា គ្រប់ទម្រង់ឯកសារលើលិខិតទិញ-លក់ និងលើលិខិតបញ្ជាក់ផ្សេងៗទៀត

*ទី៥៖ ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តសៀមរាប មុខរបររកស៊ីដី តួនាទីអ្នករត់ការឯកសារក្លែង

*ទី៦៖ ឈ្មោះកែវ វាសនា (ឈ្មោះក្លែងក្លាយ) ឈ្មោះ ប្រើពិតឈ្មោះ មូល សុខខឿន ជាអ្នកសារព័ត៌មានព្រះអាទិត្យ

*ទី៧៖ ឈ្មោះ ផេង សុផល ជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈ លួចលក់អចលនទ្រព្យ ដីកម្មសិទ្ធិស្រប់ច្បាប់អ្នកដទៃ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

*ទី៨៖ ឈ្មោះ ឌួង ស៊ីបុណ្ណថុល ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទល្មើស គំរាមកំហែង សម្លាប់ ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ក្លែងឯកសារ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ញុះញ៉ង់ជាអាទិ៍ និងបង្កចលាចលដីធ្លីធ្វើឲ្យវឹកវរដល់អាជ្ញារធខេត្ត។

តាមសេចក្តីរាយការណ៍ ជនសង្ស័យទាំងនេះ មានជំនាញធ្វើឯកសារក្លែងផ្សេងៗត្រឡប់ថ្ងៃ ខែ ឆ្នាំថយក្រោយ ដើម្បីក្លែងបន្លំថា ខ្លួនមានដី និងបានកាន់កាប់ដីជាយូរឆ្នាំមកហើយ ទើបធ្វើឲ្យមានជម្លោះដីធ្លីកើតមានឡើងជាច្រើនករណី នៅខេត្តព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close