ភ្លើង​ឆេះ​ព្រៃ​នៅ​កាលីហ្វ័រ​ញ៉ា​បាន​បំផ្លាញ​ផ្ទះ​ជាង ១០០​ខ្នង​

​សារព័ត៌មាន​ស៉ី​ន​ហួរ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៣ ខែតុលា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ភ្លើង​ឆេះ​ព្រៃ​ដែល​រាលដាល​យ៉ាង​ឆាប់រហ័ស​មួយ នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​នៃ​សហរដ្ឋអាមេរិក បាន​ឆាបឆេះ​ផ្ទៃដី​រហូតដល់ ៥៥​គីឡូម៉ែត្រ​ក្រឡា​។ មកទល់ពេលនេះ វា​ត្រូវ​ក្រុម​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​គ្រប់គ្រង​បានត្រឹមតែ ៥​ភាគរយ​ប៉ុណ្ណោះ ខណៈ​អាជ្ញាធរ​បាន​បង្គាប់​ឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន និង​បិទផ្លូវ​ហាយ​វេ​សំខាន់​មួយកន្លែង​ថែមទៀត​។​

​ភ្លើង​ឆេះ​ព្រៃ​ខាងលើ​ឈ្មោះថា អា​លី​សាល់ ហ្វា​យ​អឺ (Alisal Fire) ដែល​បានចាប់ផ្តើម​ឡើង កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នៅក្បែរ​បឹង Alisal ភាគ​ខាងជើង​ផ្លូវ​ហាយ​វេ​លេខ ១០១ ក្នុង​តំបន់ សាន់​តា បា​បា​រ៉ា (Santa Barbara)​។ វា​កំពុង​រង​ការជំរុញ​ពី​ខ្យល់​បោកបក់​ខ្លាំង ហើយ​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​។ អាជ្ញាធរ​នៃ​តំបន់ Santa Barbara បាន​សេចក្តី​ព្រមាន និង​បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន​សម្រាប់​សហគមន៍​នានា ដែល​រង​ការគំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ​។​

​ចំណែក​ផ្លូវ​ហាយ​វេ​លេខ ១០១ ក៏ត្រូវ​បាន​បិទ​ទាំងស្រុង​ជា​បណ្តោះអាសន្ន​ផងដែរ​។ ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​សរុប​ជាង ៦០០​នាក់ កំពុង​ព្យាយាម​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​នេះ ដែល​កំពុង​បង្ក​ការគំរាមកំហែង ចំពោះ​សំណង់​យ៉ាងហោច ១០០​ខ្នង រួមមាន​លំនៅឋាន កសិដ្ឋាន ទីលាន​បោះជំរំ និង​ស្ថានីយ​រថភ្លើង​ជាដើម​។​

​គួរ​បញ្ជាក់ថា បើ​គិត​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​តែម្តង ភ្លើងព្រៃ​ឆេះ​នៅ​កន្លែង​ផ្សេងៗ​គ្នា បាន​ឆាបឆេះ​ផ្ទៃដី​សរុប​លើសពី ១០,០០០​គីឡូម៉ែត្រ​ក្រឡា ព្រមទាំង​បំផ្លាញ​ឬ​បង្ក​ការខូចខាត​ចំពោះ​សំណង់​អគារ​ច្រើនជាង ៣,៦០០​ខ្នង​រួចមកហើយ នៅក្នុង​ឆ្នាំ​២០២១​នេះ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close