ដំណឹងល្អ! ចង្កៀលខ្យងរាប់ពាន់ក្បាល មស្រេចចិត្តបន្តពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
បន្ទាប់ពីបានបញ្ចប់រដូវពងកូនឆ្នាំ២០២០-២០២១ដោយជោគជ័យ ហ្វូង ចង្កៀលខ្យងពេញវ័យមួយចំនួន បានហើរចាកចេញពីសំបុក ទៅទីតាំងផ្សេងៗដើម្បីរកចំណី ចិញ្ចឹមជីវិត។ ដោយឡែក ក្នុងឆ្នាំ២០២១ នេះដែរ ចង្កៀលខ្យងបាន មកកាច់សម្បុកពងកូនសារជាថ្មី នៅលើទីតាំងដដែល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

សម្បុកចង្កៀលខ្យងត្រូវបានប៉ាន់ប្រមាណថាប្រហែលជាងពីរពាន់សម្បុក ដែលមានទាំងសម្បុកថ្មីនិងសម្បុកចាស់ សម្បុកខ្លះបានញាស់ និងខ្លះទៀតកំពុងបន្តក្រាបពង។ ដោយសារទឹកជំនន់ឆ្នាំនេះតូច ដូចនេះ យើងពុំទាន់បានជួបប្រទះនូវបញ្ហា សម្បុកលិចទឹក និងធ្លាក់ពងសត្វដោយសារព្យុះភ្លៀងនៅឡើយទេ។
មន្ត្រីឧទ្យានុរក្ស បានសហការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងកិច្ចការពារសំបុកសត្វទាំងនេះ ដោយធ្វើការយាមល្បាតទាំងថ្ងៃទាំងយប់ ការពារជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសបង្ករបទល្មើសផ្សេងៗ។ វត្តមាននៃសត្វស្លាបដែលនៅតែបន្តពងកូនក្នុងតំបន់ដីសើមនេះ បានបញ្ចាក់អោយយើងបានដឹងថា តំបន់ដីសើមនេះ ជាតំបន់ដ៏សំខាន់ និងមានតំលៃជាអតិបរមា សម្រាប់ការងារអភិរក្ស ការពារ ធនធានធម្មជាតិ។

សូមចូលរួមអភិរក្សការពារតំបន់ដីសើមបឹងព្រែកល្ពៅទាំងអស់គ្នា! គម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការ ជាមួយភាពជាដៃគូនៃអង្គការអភិរក្សតំបន់ដីសើមមេគង្គក្រោម ដែលមាន អង្គការជីវិតស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។