អភិបាលស្រុកស្ទោង រងការរិះគន់ ក្រោយឡើងកាន់តំណែងទើបជាង១ខែ ដកមន្រ្តីមានស្នាដៃតាមអំពើចិត្ត
លោក សាយ គឹមឡម ដែលទើបតែឡើងកាន់តំណែងជាអភិបាលស្រុកស្ទោង តែត្រឹមរយៈពេលប្រមាណជាជាង១ខែប៉ុណ្ណោះ ពេលនេះកំពុងតែត្រូវរកការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយពីលោកពីលោកបានសម្រេចចិត្តផ្តាច់ការ ដកមន្រ្តីដែលមានស្នាដៃជាច្រើនរូប ដោយមិនមានការឆ្លងយោបល់ពីក្រុមប្រឹក្សាស្រុកឡើយ។

លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង បានថ្លែងថា លោកពុំមានកំហុសអ្វីសោះឡើយ ស្រាប់តែលោក សាយ គឹមឡម អភិបាលស្រុកទើបឡើងថ្មី ចោទប្រកាន់ ដោយមូលបង្កាច់លោកគ្មានការពិតថា លោកបានអនុញ្ញាតឲ្យមានការសាងសង់រំលោភចំណីផ្លូវ ហើយបានដើរបង្ខំឲ្យមន្រ្តីផ្តិតមេដៃដករូបលោកចេញពីភូមិបាលស្រុក។
លោក ប៊ុនហេង បានបញ្ជាក់ថា ចំពោះរឿង ប្រជាពលរដ្ឋសាងសង់នៅលើចំណីផ្លូវ គឺជាអំណាចរបស់ អភិបាលស្រុកស្ទោង ដែលជាអ្នកចេញលិខិតឲ្យសាងសង់ ដោយភូមិបាលពុំមានសិទ្ធិទាល់តែសោះ ហើយការសម្រេចរបស់អភិបាលស្រុកមុននោះ គឺយោងទៅតាមការចុះពិនិត្យ ដោយមានការព្រមព្រៀងពីគណៈកម្មការចម្រុះ និងសម្របសម្រួលទៅតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ១៩៧៩មកម្លេះ ដោយស្ថានភាពផ្ទះឈើ ចាស់ពុកផុយទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ។
ជាមួយគ្នានេះ មហាជនបានសំណូមពរឲ្យ ឯកឧត្តម ងួន រតនះ អភិបាលខេត្តកំពង់ធំ រួមទាំងក្រុមប្រឹក្សាស្រុក មេត្តាពិចារណាចំពោះការដកហូតតំណែង ប្រធានការិយាល័យភូមិបាលស្រុក និងស្នៀនឃុំបន្ទាយស្ទោង ដោយសារការដកតំណែងនេះ បានធ្វើឡើងដោយឯកតោភាគគី ស្រេចតែអំពើចិត្ត ដោយពុំមានការ ប្រជុំក្រុមប្រឹក្សាស្រុកឡើយ ទង្វើបែបនេះគឺជាការបំពានច្បាប់ទាំងស្រុង។
ខណៈដែលលោក សាយ គឹមឡម គឺជាមនុស្សដែលសំបូររឿងអាស្រូវ ដោយកន្លងមក ប្រភពខ្លះបង្ហើបថា លោកក៏មានជាប់ពាក់ព័ន្ធជាមួយក្រុមឈ្នួញបំផ្លាញព្រៃលិចទឹកជាច្រើនហិចតា ហើយបើតាមដឹង លោក សាយ គឹមឡម បានយកដីតំបន់បីដែលជាតំបន់ហាមឃាត់ ក្នុងឃុំម្សាក្រង មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។