ភ្ញៀវទេសចរប្រមាណ៤ពាន់នាក់ ចូលរួមទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរណ៍ មិនតិចជាង ៤ពាន់នាក់ទេ កាលពីថ្ងៃអាទិត្យម្សិលមិញ បានមកទស្សនាព្រឹត្តិការណ៍ «ព្រះអាទិត្យរះឡើងចំពីលើកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» តាំងពីព្រលឹមស្រាងៗ។ នេះបើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជិត៤ពាន់នាក់ គឺមានភ្ញៀវបរទេសប្រមាណជាង១,៧០០នាក់ ដែលចំនួននេះ ក៏ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។
សូមបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំកំពូលប្រសាទអង្គរវត្ត ឬក៏គេហៅថា សមរាត្រី តែងកើតឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំងកើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា កើតទ្បើងនៅខែកញ្ញា។
សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញា ព្រះអាទិត្យគឺរះទ្បើងចំកំពូលកណ្តាល ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។