ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អនុញ្ញាតឱ្យ​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា ជួបពិភាក្សា​ការងារ

​ភ្នំពេញ​៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វិនិយោគិន​ម៉ាឡេស៊ី ដែលមាន​បំណង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ស្រប​ពេលដែល​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវន្ត​ទូទាំងប្រទេស ។

​ជា​កិច្ច​ឆ្លើយតប លោក Tan Khee Meng, ប្រធានសភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​Baker Tilly (Cambodia) Co., Ltd.
​បាន​បញ្ជាក់ថា អ្នក​និ​យោគ​ទុន​ម៉ាឡេស៊ី នឹង​គោរព​ច្បាប់​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​បរិស្ថាន ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តុ​ិ​ការ​កាន់តែ​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​២​។

​ជាមួយគ្នានេះដែរ វិនិយោគិន​ម៉ាឡេស៊ី កំពុងមាន​ការចាប់​អា​ម្មរណ៍​ខ្លាំង ការពង្រីក​ផែនការ​វិនិយោគ​នានា ទៅដល់​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ជាទី​ក្រុង​ថ្មី មាន​សក្តានុពល​ខ្ពស់ ការអភិវឌ្ឍ​លឿន និង​ជាទី​ក្រុង​ពហុ​បំណង​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ជំនួប​ពិភាក្សា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក Terrance Teoh Yih Min, នាយក​ប្រតិបត្តិ​នៃ​ធនាគារ Hong Leong Cambodia ,​លោក Mohan Tirugmanasam Bandam, នាយក​ប្រតិបត្តិ​នៃ​កាសែត Khmer Times,​លោក សេង ម៉េង​តុង ប្រធាន​នាយកដ្ឋាន​ផ្នែក​ច្បាប់​នៃ​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close