ឆ្នាំនេះ​! ពិធីបុណ្យ​កឋិនទាន ត្រូវបាន​ហាមឃាត់​ដង្ហែ​តាមផ្លូវ ឬ​ជុំវិញ​ព្រះវិហារ ដោយ​គ្រាន់តែ​វេ​ប្រគេន​ត្រៃចីវរ ជា​កិច្ច​សម្រេច​បុណ្យ​

​ភ្នំពេញ ៖ ការ​ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន នៅក្នុង​ឆ្នាំនេះ ត្រូវបាន​ហាមឃាត់​ផ្សព្វផ្សាយ​កម្មវិធី​បុណ្យ ការ​ដង្ហែ​តាមផ្លូវ ឬ​ជុំវិញ​ព្រះវិហារ ដោយ​គ្រាន់តែ​វេ​ប្រគេន​ត្រៃចីវរ​ជា​កិច្ច​សម្រេច​បុណ្យ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​បន្ថែម ស្តីពី​ពិធីបុណ្យ​កឋិនទាន របស់​ក្រសួង​ធម្មការ និង​សាសនា ដែល​ទទួលបាន​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១​។​

​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា ដោយ​ឯកឧត្តម ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​នោះ ក៏បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់ បង្កលក្ខណៈ​ឲ្យ​បានល្អ​ប្រសើរ ប្រគេន​ព្រះសង្ឃ ជូន​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន ស្របតាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​យ៉ាង​ម៉ឺងម៉ាត់ នូវ​វិធានការ​ការពារ​នានា របស់​ក្រសួងសុខាភិបាល វិធានការ​រដ្ឋបាល និង​ជាពិសេស ត្រូវ​ប្រកាន់​ភ្ជាប់​ជានិច្ច នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ក្រសួង​បាន​បញ្ជាក់ថា ការណែនាំ​នេះ គឺ​សំដៅ​កាត់ផ្ដាច់ និង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា ដែលមាន​កម្រិត​នៃ​ការឆ្លង​រាលដាល​ឆាប់រហ័ស និង​យោងទៅលើ​ភាពចាំបាច់ ដើម្បី​ធានា​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាជន ខណៈដែល​ព្រះរាជាណាចក្រ​កម្ពុជា ឈានឆ្ពោះ​ទៅ​បើក​ដំណើរការ ប្រទេស​ពេញលេញ​ឡើងវិញ​។​

​សូម​ជម្រាបជូន​ថា សម្រាប់​ឆ្នាំ​២០២១​នេះ ពិធីបុណ្យ​កឋិនទាន នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​សុក្រ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​សុក្រ ១៥​កើត ខែកត្តិក ត្រូវ​ថ្ងៃទី​២២ ខែតុលា ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ពិធីបុណ្យ​កឋិនទាន ជាការ​ទាន​មួយ​ដ៏​ថ្លៃថ្លា ក្នុង​ព្រះពុទ្ធសាសនា មាន​ផលានិសង្ស​ខ្ពស់ ទាំង​ទាយក ទាយិកា និង​បដិគ្គាហក ជាទី​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ មាន​រយៈពេល​កំណត់​តែ ២៩​ថ្ងៃ ដោយ​វត្ត​នីមួយៗ​ទទួល​អង្គ​កឋិន បានតែ​មួយ​លើក​ប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close