រថយន្តទំនើបបុករះនៅផ្លូវវេងស្រេង ស្លាប់មនុស្ស៣នាក់ និងរបួស៣នាក់ កាលពីយប់មិញ
មនុស្សប្រុសស្រីចំនួន៣នាក់បានស្លាប់នៅតាមចិញ្ចើមផ្លូវ នៅនឹងកន្លែងកើតហេតុនិងមនុស្សប្រុសស្រី៣នាក់ទៀតបាន រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តធុនត្រាមួយគ្រឿងក្នុងល្បឿនលឿនដូចហោះបានរេចង្កូតបុករះ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃសៅរ៏ ទី១៦ ខែតុលា ឆ្នាំ២០២១នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ា ប្រមាណ៥០ម៉ែត្រតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្រុសម្នាក់រួមដំណើរនឹងបុរស ម្នាក់ទៀតបើករថយន្ដធុនត្រា ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទឹសដៅពីត្បូងទៅជើងបានប៉ះម៉ូតូមួយគ្រឿងរងការខូចខាតតិចតួចតែមិនព្រមឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់ទៅផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់កន្លែងកើតហេតុខាងលើ ខណៈមេឃកំពុងធ្លាក់ភ្លៀងផង បានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវបុករះម៉ូតូ រទេះលក់សាច់គោះដុត និងផ្ទះប្រជាពលរដ្ឋក៏ដូចជាស្លាកសញ្ញាចរាចរណ៍បណ្ដាលឲ្យដួលនិងបែកបាក់រាយពេញផ្លូវ និងសម្ភារមួយចំនួនទៀតរងការខូចខាត ។ ចំណែកមនុស្សប្រុសស្រី៦ នាក់ដែរកំពុងឈរនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រី៣ នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ ។ចំណែក ប្រុសស្រី៣ នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះម្ចាស់រថយន្តបង្កនិងអ្នករួមដំណើរបាននាំគ្នារត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច រួចបញ្ជូនទៅអធិការរដ្ឋានខណ្ឌពោធិសែនជ័យភ្លាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។