អាមេរិក-រុស្ស៊ី នៅតែបន្តសហការក្នុងវិស័យអាវកាស
អង្គការអាវកាសអាមេរិក NASA បានប្រកាសថា អាមេរិកនៅតែបន្តធ្វើការរួមជាមួយរុស្ស៊ីដដែល ដើម្បីរក្សាកិច្ចសហប្រតិបត្តិការនៅក្នុងកម្មវិធីអាវកាស និងបញ្ចៀសផលប៉ះពាល់ដោយសារតែភាពតានតឹងរវាងរុស្ស៊ី និងអាមេរិក ក្នុងបញ្ហានយោបាយ ។
នៅក្នុងកិច្ចពិភាក្សាតុមូល ប្រធានគ្រប់គ្រង អង្គការណាសាលោក Jim Bridenstine បានបញ្ចាក់ថា «យើងអាចបញ្ចាក់បានថាអាវកាស នឹងត្រូវបានដាក់ឲ្យដាច់ដោយឡែកពីវិបត្តិនយោបាយ ដែលកើតឡើងនៅលើភពផែនដី។ យើងនៅតែបន្តសហការនិងគ្នាដដែលពិសេសគឺភាគីរុស្ស៊ី»។
លោក Jim Bridenstine បានបញ្ចាក់ថានឹងបន្តរក្សាទំនាក់ទំនង រឹងមាំនៅក្នុងវិស័យអាវកាស រវាងអាមេរិកនិងរុស្ស៊ី។ ទទឹមនឹងនោះ លោកបញ្ចាក់ថា ប្រធានអង្គការអាវកាសរុស្ស៊ី លោក Dmitry Rogozin ក៏មានទស្សនដូចគ្នាក្នុងវិស័យនេះ ។
កន្លងមក ថ្មីៗ ប្រធាន អង្គការអាវកាសរុស្ស៊ី បានបញ្ចាក់ថា រុស្ស៊ីអាចនឹងដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការរួម ជាមួយអាមេរិក ។ រុស្ស៊ីនឹងបង្កើតគម្រោង ដាច់ដោយឡែក នៅក្នុងវិស័យអាវកាស ដើម្បីបន្តស្រាវជ្រាវ ។ នៅពេលនេះ ដែរមិនទាន់មានប្រតិកម្មអ្វីជំវិញការលើកឡើងខាងលើរបស់អាមេរិកនៅឡើយទេពីភាគីរុស្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។