យុវជន​ម្នាក់ចុះលេងទឹកព្រែក លង់ស្លាប់ សមត្ថកិច្ច​ប្រើពេលអស់១ម៉ោង ទើបរកឃើញសព

បើយោងតាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង​៣រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២១នេះ មានករណីយុវជន​ម្នាក់បានលង់ទឹកព្រែក នៅចំណុចស្ពានតូរចាស់ ភូមិ​ត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង។

តាមសាក្សីថា យុវជន​ដែលលង់ទឹកស្លាប់នោះ មានអាយុ​ប្រមាណ ១៧ឆ្នាំ ដោយ​មុនពេលកើតហេតុ ជនរងគ្រោះ រួមជាមួយ​មិត្តភក្តិ​ប្រមាណជា ៥នាក់​បានមក​ងូតទឹកលេង រួចក៏​មានការឆោឡោរ ដោយ​បាត់ជនរងគ្រោះតែម្តង។

យ៉ាងណាក៏ដោយ ក្រោយ​ពីប្រើពេល​រាវរកអស់ប្រមាណជាង១ម៉ោងមក ពោល​គឺនៅវេលាម៉ោង​ប្រមាណជិត ៥ល្ងាច គេបានរកឃើញសាកសពជនរងគ្រោះហើយ ដោយ​ស្ថិត​នៅមិនឆ្ងាយប៉ុន្មានពីកន្លែង​ពួកគេលេងទឹកនោះ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យុវជន​នោះ​ស្លាប់ នៅ​មិន​ទាន់​មានការបញ្ជាក់ពីសមត្ថកិច្ច​ជំនាញ​នៅ​ឡើយទេ ដោយ​សមត្ថកិច្ច​កំពុងធ្វើការពិនិត្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close