តំបន់អាស៊ានទទួលបានជោគជ័យក្នុងការទប់ស្កាត់កូវីដ១៩

ស្ថានភាពកូវីដ ១៩ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានថយចុះយ៉ាងខ្លាំង គឺជារឿងល្អប្រសើរបំផុតសម្រាប់ប្រទេសក្នុងតំបន់បើកទ្វារសេដ្ឋកិច្ចឡើងវិញ។ ទាំងនោះក៏ជាលទ្ធផលនៃការខិតខំប្រឹងប្រែងទប់ស្កាត់នៃប្រទេសក្នុងតំបន់។

គេហទំព័រ Worldometers បានផ្សាយថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសក្នុងតំបន់អាស៊ានរកឃើញករណីឆ្លងកូវីដ ១៩ ជិត៣៥ពាន់នាក់ថ្មី និងស្លាប់ ៤០៥នាក់ប៉ុណ្ណោះនៅទូទាំងតំបន់។ ចាប់តាំងពីការផ្ទុះកូវីដ ១៩ រហូតមកទល់ពេលនេះ តំបន់ទាំងមូលមានករណីឆ្លងកូវីដ ១៩ សរុប មានជិត១២,៨លាននាក់ ក្នុងនោះមានអ្នកស្លាប់ ជាង ២៧២ពាន់នាក់ ។

ប្រទេសជាច្រើនក្នុងតំបន់កំពុងកំណត់គោលដៅមិនមានករណីឆ្លងក្នុងសហគមន៍ ក៏ដូចជាស្លាប់ប្រចាំថ្ងៃ។ នៅពេលនេះដែរ ប្រទេសថៃឈរលំដាប់លេខមួយពីករណីឆ្លងប្រចាំថ្ងៃនៅក្នុងតំបន់ ដោយនៅថ្ងៃទី ១៧ខែតុលា ថៃរកឃើញករណីឆ្លងថ្មីដលទៅ ជាង១០.៨៦៣នាក់ ធ្វើឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងជិត ១,៨លាននាក់ហើយ។ ចំណែកហ្វីលីពីនឈរលំដាបទីពីរ ដោយមានករណីឆ្លងជិត ៧ពាន់នាក់ក្នុងមួយថ្ងៃ និងម៉ាឡេស៊ី ឈរលំដាបទីបីមានករណីឆ្លងជាង ៦ពាន់នាក់។

ដើម្បីគ្រប់គ្រងការឆ្លងបានល្អបំផុត បណ្តាប្រទេសក្នុងតំបន់អាស៊ានបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ តាមសារព័ត៌មាន New York Times បានផ្សាយថា ប្រទេលនាំមុខក្នុងការចាក់វ៉ាក់សាំងបានច្រើនបំផុតគឺសិង្ហបុរី ដោយមានពលរដ្ឋដល់ទៅជាង ៨៣% បានចាក់វ៉ាក់សាំងរួចរាល់យ៉ាងតិច១ដូស និង ៨២%បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ ជាមួយគ្នានេះក៏មានពលរដ្ឋជាង ៩,៧ភាគរយបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទីបីរួចរាល់ផងដែរ។
ប្រទេសកម្ពុជាយើង ឈរលំដាប់ទីពីរ ដោយមានពលរដ្ឋ៨២%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩យ៉ាងតិច ១ដូស និង៧៥% បានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស និង ៧,៨%បានចាក់វ៉ាក់សាំងដូសទីបី ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។