យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ២២៩​គ្រឿង ត្រូវបាន​ប្រគល់ជូន​ម្ចាស់​វិញ

​ភ្នំពេញ​៖ ស្របពេល​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល និង​ការរៀបចំ​កែសម្រួល និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​រប​ស់រាជ​រដ្ឋាភិបាល ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រគល់​យានយន្ត​ចំនួន ២២៩​គ្រឿង​ជូន​ម្ចាស់​វិញ​។

​យានយន្ត​ទាំង ២២៩​គ្រឿង ជា​យានយន្ត​ល្មើសច្បាប់ ដោយបាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើសពី ២០% នៃ​ទម្ងន់​អនុញ្ញាត ដែល​បាន​ឃាត់​ដោយ​ស្ថានីយ​ជញ្ជីង​អចល័ត និង​ក្រុម​ចល័ត​ចម្រុះ ហើយ​រក្សាទុក​នៅតាម​ស្ថានីយ​ជញ្ជីង​អចល័ត និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។​

​សូម​រំលឹក​ជូន​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងឡាយ​មេត្តា​ជ្រាបថា​៖ ថ្វីត្បិតតែ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ការ​ដោះលែង និង​បន្ធូរបន្ថយ​នាពេលនេះ​មែន តែ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយ​មិនមាន​ការលើកលែង​ជា​លើក​ទី​២ ទៀតឡើយ ហើយ​ក្រសួង​នឹង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​អំពី​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដល់​សាធារណជន​ទូទៅ​ឱ្យបាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់ ជាពិសេស​ច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​២៦ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close