សម្តេចក្រឡាហោមស្តីបន្ទោសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីរឿង មិនបង្ក្រាបបទល្មើសព្រៃឈើ..អាចជ្រុះដំណែងបើគឃ្លើន

សម្តេចក្រឡាហោម ស ខង មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។


សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន។
ក្រុមឈ្មួញ ដែលធ្លាប់រកស៊ីឈើ ក្នុងខេត្តមណ្ឌលគិរី បាននិយាយថា ការជួញដូរ និងដឹកជញ្ជូនឈើ យកទៅលក់នៅប្រទេស វៀតណាម ពួកគេត្រូវរត់ការបើកផ្លូវជាមុនសិន ទើបអាចដឹកឈើទាំងនោះ ឆ្លងដែនបាន។ ពួកគេថា មានមន្ត្រីជាច្រើន ដែលតម្រូវឲ្យពួកគេ រត់ការបង់ផ្លូវ រួមមាន៖ នគរបាលការពារព្រំដែន, នគរបាលសេដ្ឋកិច្ចខេត្ត, នគរបាលសេដ្ឋកិច្ចក្រសួង, នគរបាលប៉ុស្តិ៍រដ្ឋបាល, នគរបាលវរៈព្រំដែន, មន្ត្រីយោធា (យោធាខេត្តយោធាព្រំដែន យោធាវរៈ យោធាស៊ើបការណ៍ យោធាអគ្គ) មន្ត្រីបរិស្ថាន (មន្ត្រីបរិស្ថានខេត្ត មន្ត្រីបរិស្ថានឧទ្យានុរក្ស មន្ត្រីបរិស្ថានស្រុក មន្ត្រីបរិស្ថានដែនជម្រក) មន្ត្រីមេព្រៃ (មន្ត្រីមេព្រៃ ខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃផ្នែករដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃសង្កាត់រដ្ឋព្រៃឈើ) មន្ត្រីសាលាស្រុក សហគមន៍ គយ កាសែត-ទូរទស្សន៍ មួយចំនួន…។
ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានអះអាងថា តំបន់អូរហ៊ុច នៅតែជាចំណុចដ៏រសើបបំផុត សម្រាប់ការជួញដូរឈើ ចេញទៅក្រៅប្រទេស។ តំបន់ អូរហ៊ុច មានទីតាំងនៅស្រុកអូររាំង និងតំបន់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ព្រំដែនប្រទេសវៀតណាម។

ប្រភពឲ្យដឹងថា បទឈ្មើសព្រៃឈើ ដែលគេកំពុងលួចធ្វើសកម្មភាពទាំងនោះ រួមមាន នៅចំណុច បាយហន ចំណុចថ្មបីដុំ ចំណុចអូរកិល ចំណុចក្បាលអូរកិល និងអន្លួងស្រួយ។ ទីតាំងទាំង ៥ ចំណុចខាងលើ គ្រប់គ្រងដោយលោក យ៉ាត សុជា ដែលជាមនុស្សជំនិត របស់លោក ឡេង សុភាន់ មេបញ្ជាការវរៈ៦២១។
អ្នកពាក់ព័ន្ធករណីជួញដូរឈើឆ្លងដែន នៅខេត្តមណ្ឌលគិរី ទៅក្រៅប្រទេស នៅចំណុចខាងលើនេះ ត្រូវបានឲ្យ ដឹងថា ជាប់ពាក់ព័ន្ធ និងមេវរៈការពារព្រំដែនគោកលេខ ៦២១ ឈ្មោះ ឡេង សោភ័ណ- លោក សា ផល្លា និងលោក យ៉ាត សុខជា ដែលសុទ្ធសឹងជាមន្ដ្រីនគបាលឈរជើងនៅទីនោះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបន្តថា បច្ចុប្បន្ន ឈ្មួញឈើទាំងនោះ មានក្បូនចំនួន ៥០ និងទូកចំនួន ១០ ហើយក្នុងទូក ១ គ្រឿង អូសបាន ៣ ក្បូន។
ដោយឡែក ខាងលោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា បានទទួលស្គាល់ថា ពិតជាមានករណីជនល្មើស លួចប្រព្រឹត្តបទល្មើសព្រៃឈើ នៅចំណុចខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ពិតប្រាកដមែន។
លោកបន្តថា តំបន់ព្រំដែន គឺពិបាកក្នុងការធ្វើការបង្ក្រាបបទល្មើសព្រៃឈើខ្លាំងណាស់ ព្រោះនៅជិតព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀត។
ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកកែវសីមា និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ជាបន្ទាន់។

ប្រភពបានឲ្យដឹងទៀតថា
ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុង ឃាង ទេនោះគឺលោក អ៊ុ វណ្ណសុភគ៌ និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកោះញែក ស្រុកកែវសីមា និងស្រុកពេជ្រាដា ឈ្មួញច្បាស់ជាមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ពួកគេនោះទេ។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី គឺជាមេខ្លោងដ៏ធំទាក់ទងទៅនឹងបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីមា ខេត្តមណ្ឌលគិរីយ៉ាងគក្រឹកគគ្រេង។ខ្មែរ​៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close