ក្រសួងសុខាភិបាល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានធ្វើការ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅតាម​ទីតាំង​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ដែល​ស្ថិតនៅ​ជិត​ទី​សំណាក់​ឱ្យបាន​គ្រប់ៗ​គ្នា​។ លោកជំទាវ រដ្ឋលេខាធិការ​ថា គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ សង្កេតឃើញថា អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បាន​ស្លាប់ កន្លងមក ភាគច្រើន​ជា​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូចនេះ​ដើម្បី​កាត់បន្ថយ​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ និង កាត់បន្ថយ​ជា​អតិបរមា នូវ​អត្រា​ស្លាប់​ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ សូម​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​។​

​លោកជំទាវ ឱ វណ្ណឌី​ន លើកឡើង​បែបនេះ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្តីពី​ការចាក់​វ៉ក់​សាំង​បង្ការ​ជំងឺ​កូ​នី​ដ​-១៩​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​វ័យចាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ផ្សេងៗ រួមទាំង​ជំងឺ​កូ​វីដ​-១៩​និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​។​

​ជាមួយគ្នានេះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បានឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ និង​កុមារ​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង បាន​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​យ៉ាងច្រើន ក្នុងចំណោម​នោះ​ក៏មាន​លោកតា និង​លោកយាយ ដែលមាន​អាយុ លើសពី​១០០​ឆ្នាំ បានមក​ចាក់​វ៉ាក់សាំង​កូ​វីដ​- ១៩ ប្រកបដោយ​សុវត្ថិភាព​ផងដែរ​។​

​ទន្ទឹមគ្នា​នេះដែរ​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សង្កេតឃើញថា​
​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​មិនទាន់បាន​ស្ម័គ្រចិត្ត​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅឡើយ ដោយសារ​មូលហេតុ​ផ្សេងៗ​។​ ​លើសពីនេះ ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​ក្រុម​គោលដៅ និង​ជា​ក្រុម​ដែល ប្រឈម​ទៅនឹង​ហានិភ័យ​នៃ​ភាព​ធ្ងន់ធ្ងរ​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​ដូចខាងក្រោម ,​ប្រជាពលរដ្ឋ​ដែលមាន​វ័យចាស់​, ស្ត្រី​មាន​ផ្ទៃពោះ ឬ​បំបៅកូន​ដោយ​ទឹកដោះ​, ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ មាន​រយៈពេល​ចាប់ពី​៤​ខែ​ឡើង ឬ​អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​ផ្សេងៗ​ទៀត អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ ន្តែ​មាន​ស្ថានភាព​នឹងនរ អាច​គ្រប់គ្រង​បាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សូមឱ្យ ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​រាជធានី​-​ខេត្ត សូម​បន្តធ្វើ​ការណែនាំ​បន្ថែម​ដល់ ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​-​ខេត្ត ត្រូវធ្វើ​សេចក្តីជូនដំណឹង​ទៅគ្រប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំងអស់​ឱ្យ​ផ្ដល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​ឱ្យបាន​គ្រប់គ្នា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close