ម៉ាឡេស៊ី​រិត​បន្តឹង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ក្នុង​ជួរ​មន្ត្រីរាជការ​

​ការចាក់​វ៉ាក់សាំង​ទោះបី​មិនមែនជា​ការបង្ខិតបង្ខំ ប៉ុន្តែ​បានក្លាយ​ទៅជា​កត​ព្វ​កិច្ច ដោយ​មន្ត្រីរាជការ គ្រប់​ស្ថាន​ប័ន​ទាំងអស់ ក៏ដូចជា​បុគ្គលិក​ក្រុមហ៊ុន បានដាក់​បម្រាម​តឹងតែង​ចំពោះ​អ្នក​មិន​ចាក់​វ៉ាក់សាំង នឹងមិន​អនុញ្ញាត​ឲ្យ​ចូលធ្វើការ​នោះឡើយ​។​

​ក្នុងពេល​នេះដែរ ម៉ាឡេស៊ី​បានអនុម័ត មន្ត្រីរាជការ​ដែល​មិន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ អាច​ប្រឈម​នឹង​ការដាក់ពិន័យ ឬ​បណ្តេញ​ចេញពី​ស្ថាប័ន ប្រសិនបើ​ពួកគេ​មិន​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្រោម​គោលនយោបាយ​ចាក់​ថ្នាំ​បង្ការ​ថ្មី ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា​។​

​សារាចរ​មួយ​ដែល​បាន​បង្ហោះ​នៅក្នុង​គេហទំព័រ​របស់​នាយក​ដ្ឋា​ន​សេវាកម្ម​សាធារណៈ (PSD) នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែតុលា​នេះ​បាន​គូសបញ្ជាក់ថា មន្ត្រីរាជការ​អាច​ត្រូវបាន​ណែនាំ​ឱ្យបំពេញ​ការចាក់​វ៉ាក់សាំង​របស់​ពួកគេ​ឲ្យ​គ្រ​ប់ដូ​ស មុន​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​មកដល់​។​

​សេចក្តីណែនាំ​ដែល​ស្ថិតនៅក្រោម​គោលការណ៍​អនុវត្ត​វិធាន​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ របស់ PSD សម្រាប់​មន្ត្រី​សេវាសាធារណៈ​សហព័ន្ធ បាន​ព្រមាន​ថា ការមិន​អនុលោម​តាម​គោលនយោបាយ​នេះ​អាចនឹងទទួល​ការផាកពិន័យ ឬ​បញ្ចប់​សេវាកម្ម​។​

​យោងតាម​សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​អគ្គនាយក PSD លោក Mohd Khairul Adib Abd Rahman លើកឡើងថា «​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ឬ​ក្រោយនេះ មន្ត្រី​ណា​ដែល​មិន​គោរព​តាម​សេចក្តីណែនាំ​របស់​ប្រធាន​នាយកដ្ឋាន​អាចនឹងទទួល​ការ​ផាក​ពី​ន័យ ឬ​បញ្ឈប់​ពី​ការងារ​តែម្តង​»​។​

​គួរ​បញ្ជាក់ថា ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​និន្នាការ​ធ្លាក់ចុះ​ចាប់តាំងពី​ដើមខែ​តុលា ដោយ​ធ្លាក់ចុះ​ដល់​តួលេខ​៤ ខ្ទង់ កាលពី​ថ្ងៃទី​០៣ ខែតុលា​កន្លងទៅ ហើយ​ជា​លើកដំបូង​ចាប់តាំងពី​ខែកក្កដា​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close