មន្ត្រីយោធាជាន់ខ្ពស់ នៃប្រតិបត្តិការសឹករងខេត្តមណ្ឌគិរី លោក គឹម ឆុង អាងអំណាច បន្លាចព្រះរាជអាជ្ញា ប៉ះសក់ រត់រកថ្នាក់លើជួយ
ខេត្តមណ្ឌលគិរី៖ ព្រោះតែ មិនអាចអនុវត្តច្បាប់ ចាប់មន្ត្រីយោធា ឈ្មោះ ឈ្មោះ គឹម ឆុង ដែលមានតួនាទី ជានាយក្រុម កងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ដាក់គុកបាន លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលជាប់ពាក់ព័ន្ធសំណុំរឿង កាប់បំផ្លាញព្រៃឈើ នៅតំបន់ឃុំប៊ូស្រាម្នាក់ដែរនោះ បានចេញ ដីកាបញ្ជូនទៅ កាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឲ្យជួយចាត់ការ លោក គឹម ឆុង ដែលជាមន្ត្រីរកស៊ីឈើខុសច្បាប់។
សូមជម្រាបជូនថា លោក គឹម ឆុង ត្រូវបានលោក ម៉ម វ៉ាន់ដា ជាតំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ពីបទ នាំចេញ អនុផលព្រៃឈើ ដែលគ្មានអាជ្ញាប័ណ្ណ ប្រព្រឹត្តនៅចំណុច ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌគិរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ យោងតាមមាត្រា ៩៨ កថាខណ្ឌ២ ខំណុច ៧ នៃច្បាប់ស្តីពីព្រៃឈើ។
ក្រោយសម្រេចចោទប្រកាន់ តំណាងអយ្យការបាន បញ្ជូនសំណុំរឿងលោក គឹម ឆុង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត និងស្នើសុំឲ្យចៅក្រមស៊ើបចាប់ជនត្រូវចោទដាក់គុក ប៉ុន្តែបំណងរបស់តំណាងអយ្យការ មិនបានសម្រេចឡើយព្រោះ តែចៅក្រមស៊ើប អនុញ្ញាតឲ្យលោកធំ គឹម ឆុង បានដេកក្រៅគុក ទុកឲ្យកាប់បំផ្លាញព្រៃឈើទៀត។
ព្រោះតែ ចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួន យោធាអំណាចមហិមាខាងបំផ្លាញធនជាតិឈ្មោះ គឹម ឆុង បែបនេះ ទើបលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា និងលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ភ័យបះសក់ រហូតផ្ញើលិខិតទៅថ្នាក់លើឲ្យជួយអន្តរាគមន៍។
នៅក្នុងលិខិតរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយព្រះរាជអាជ្ញារង លោក ម៉ម វ៉ាន់ដា និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត ផ្ញើជូន សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជម្រាបជូនដំណឹងស្តីពីការចោទប្រកាន់លើជនត្រូវចោទឈ្មោះ គឹម ឆុង ភេទប្រុស កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៨៩ មុខងារជានាយក្រុមកងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិ ការសឹករងមណ្ឌលគិរី ដោយយកតាមសំណុំរឿងព្រហ្មទណ្ឌលេខ១៩២ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ របស់ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៤៥/១៨ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ របស់តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី ។
នៅក្នុងលិខិតរបស់តំណាងអយ្យការបានបញ្ជាក់យ៉ាងលម្អិតថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ អយ្យ ការអមសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចចោទប្រកាន់លើជនត្រូវចោទឈ្មោះ គឹម ឆុង ពីបទ ៖ នាំចេញ ផលអនុផលព្រៃឈើ ដែលគ្មានអាជ្ញាប័ណ្ណ តាមមាត្រា៩៨ កថាខណ្ឌ២ ចំណុច៧ នៃច្បាប់ស្តីពីព្រៃឈើ ប្រព្រឹត្ត នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។
ប្រភពពីមន្ត្រីចំនាញ (មន្ត្រីនគរបាលយុត្តិធម៌) បានលួចបង្ហើបថា ពេលសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើ ដែល បម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧-ណាំលៀ កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបរថយន្តដឹកឈើក្នុងបទល្មើសជាក់ស្តែង ក្នុងនោះខាងរដ្ឋបាលព្រៃឈើក៏បង្ក្រាបបាន ខាង បរិស្ថានក៏បង្ក្រាបបាន ជាមួយការឃាត់ខ្លួនជនសង្ស័យ។
បើទោះជាសមត្ថកិច្ចមិនបានឃាត់ខ្លួនមេយោធាឈ្មោះ គឹម ឆុង ក៏ដោយប៉ុន្តែតាមកំណត់ហេតុស្តាប់ចម្លើយដែល សមត្ថកិច្ចសួរនាំជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ពួកគេបានសារភាពថា ដឹកជញ្ជូនឈើទៅប្រទេសវៀតណាម ហើយមេខ្លោងនោះគឺជាជនត្រូវចោទឈ្មោះ គឹម ឆុង ទើបតំណាងអយ្យការចោទប្រកាន់ទៅលើឈ្មោះ គឹម ឆុង ពីបទនាំចេញ ផលអនុផលព្រៃឈើ ដែលគ្មានអាជ្ញាប័ណ្ណ តាមមាត្រា៩៨ កថាខណ្ឌ២ ចំណុច៧ នៃច្បាប់ស្តីពីព្រៃឈើ ប្រព្រឹត្ត នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ហើយប្រមាណជា២សប្តាហ៍មុន ជនត្រូវចោទមិនបានចូលខ្លួនមកឆ្លើយបភ្លឺក្នុងដំណាក់កាលចៅក្រមស៊ើបសួរ នោះទេ។
សូមបញ្ជាក់ថា ករណីលោក គឹម ឆុង ជាមេយោធា រកស៊ីឈើខុសច្បាប់ ដឹកទៅវៀតណាម មិនមែនជារឿងថ្មី ឬរឿងចម្លែកឡើយ ព្រោះកន្លងទៅ គណៈកម្មាធិការជាតិ ទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបបទល្មើoសព្រៃឈើ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានរកឃើញថា មន្ត្រីធំអស់លេខនៅក្នុងខេត្តមណ្ឌលគិរី ដូចជាលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្ត លោក សាក់ សារ៉ាង អតីតមេបញ្ជាការកងរាជអាជវុធហត្ថខេត្ត និងមន្ត្រីធំៗ នៅក្នុងក្នុងខេត្តនេះ រាប់សិបនាក់ បានពាក់ព័ន្ធ បទល្មើសស៊ីសំណូក បើកដៃឲ្យជនជាតិវៀតណាម ចូលកាប់ឈើនៅតំបន់អូរហ៊ុច អស់រាប់រយឡាន ប៉ុន្តែមកដល់ពេលនេះ មន្ត្រីធំៗ ទាំងនោះ រស់ក្រៅគុក យ៉ាងរីករាយដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។