ចំនួន​អ្នកស្លាប់​កើន ៤១​នាក់​ហើយ ដោយសារ​គ្រោះទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា​

ដេលី​៖ មនុស្ស​យ៉ាងតិច ៤១​នាក់​បាន​ស្លាប់ និង​ជាង ១២ នាក់​ទៀត​បាន​បាត់​ខ្លួន​បន្ទាប់ពី​ការ​រអិល​បាក់​ដី និង​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ឥណ្ឌា​ក្នុង​តំបន់​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​មន្ត្រី​ឥណ្ឌា​នៅក្នុង​រដ្ឋ Uttarakhand បាន​និយាយថា មនុស្ស ៣៥ នាក់​បាន​ស្លាប់​នៅក្នុង​ករណី​បាក់​ដី​ថ្មី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់ពី​មនុស្ស ៦ នាក់​បាន​ស្លាប់​នៅក្នុង​ឧប្បត្តិហេតុ​ស្រដៀង​គ្នា​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ដោយឡែក​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ទំនប់​វា​រី​អគ្គិសនី​មួយចំនួន​នៅ​ទូទាំង​រដ្ឋ Kerala ត្រូវបាន​បើក​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ទឹកជោរ​ជន់​។

​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​បាន​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​ជោគជាំ​កាលពី​ចុង​សប្ដាហ៍​មុន បណ្តាលមកពី​តំបន់​សម្ពាធ​ទាប​មួយ​នៅ​សមុទ្រ​អារ៉ាប់​ភាគ​អាគ្នេយ៍ និង​រដ្ឋ Kerala ហើយ​ថយចុះ​មកវិញ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។

​ការិយាល័យ​អាកាសធាតុ​ឥណ្ឌា​ក៏បាន​និយាយ​ដែរ​ថា នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា រដ្ឋ​មួយចំនួន​រួមទាំង​តំបន់​ហិមាល័យ​នៃ​រដ្ឋ Uttarakhand និង​រដ្ឋ Himachal Pradesh នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​ជោគជាំ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ខាងមុខនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close