ពលរដ្ឋ​ជាង ១០០​គ្រួសារ រងគ្រោះ​ដោយ​ទឹកជំនន់ ត្រូវបាន​ជួយសង្គ្រោះ​ឡើងមក​ទួល​សុវត្ថិភាព​​!

​ខេត្តបន្ទាយមានជ័យ​៖ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ព្រមទាំង​កងកម្លាំង​ទាំង​៣​ប្រភេទ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​ក្បែរ​អូរ​ព្រំដែន ក្នុង​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ទឹកភ្លៀង ឡើងមក​ទួល​សុវត្ថិភាព ថ្ងៃ​ពុធ​ទី​២០ តុលា ២០២១​នេះ​។​

​ក្រោយ​បាន​ចុះ​ពិនិត្យមើល​រួច ឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំ​កងកម្លាំង​តៀប​ចំ​ទីជម្រក​សុវត្ថិភាព ដើម្បីអោយ​បងប្អូន​ប្រជាពលរដ្ឋ បាន​ស្នាក់នៅ ទទួលទាន​ដោយ​សុខ​សុវត្ថិភាព ប្រជាពលរដ្ឋ​ឡើងមក​ប្រមាណ​ជាង ១០០​គ្រួសារ​គិត​ត្រឹម​ថ្ងៃទី​២០ តុលា​នេះ​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​អំពាវនាវ​សូម​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​អោយ​ជាប់ ផ្តល់ព័ត៌មាន​ដើម្បី​ជួយ​សម្របសម្រួល​ក្នុងករណី​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ​។​ ​សូម​រស់នៅ​ដោយ​អនាម័យ​ស្អាត ចូលរួម​អនុវត្តន៍​វិធានការ​៣​ការពារ និង​៣​កុំអោយ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​១៩​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close