រាជរដ្ឋាភិបាល ប្រកាស​ជា​ផ្លូវការ​ដាក់ឱ្យអនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥

​ភ្នំពេញ​៖ បន្ទាប់ពី​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ កន្ល​ទៅរួច​មក ទើប​នា​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ «​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥» ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ឱ្យដឹង​ដែរ​ថា ដើម្បី​អាច​ដើរ​តាម​ទស្សនវិស័យ​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​នៅក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ទេសចរណ៍​កាន់តែខ្លាំង​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ផែនការមេ​បានកំណត់​វិសាលភាព​រួម គឺ​រួមបញ្ចូល​ទាំង​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​សម្រាប់​ខេត្តសៀមរាប ខណៈដែល​បច្ចុប្បន្ន​ការ​ទស្សនា​ប្រាសាទ​អង្គរ គឺជា​មូលហេតុ​ចម្បង​តែមួយ​របស់​ភ្ញៀវទេសចរ​ដែល​មកកាន់​ខេត្តសៀមរាប​។

​ផែនការមេ​បានធ្វើការ​សិក្សា និង​កំណត់​នូវ​យុទ្ធសាស្ត្រ​បង្កើន​ភាព​ទាក់ទាញ​នៃ​ខេត្តសៀមរាប​ទាំងមូល ដែលមាន​លើសពី​ការ​ទស្សនា​ប្រាសាទ ដោយ​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​សកម្មភាព​កម្សាន្ត​ដ៏​សម្បូរបែប ប៉ុន្តែ​ត្រូវគោរព​តាម​គោលការណ៍​អភិរក្ស និង​ប្រើប្រាស់​គុណសម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​ទាំងនេះ​ឱ្យបាន​ជា​អតិបរមា តាមរយៈ​ការពង្រីក​បន្ថែម​នូវ​សកម្មភាព និង​ព្រឹត្តិការណ៍​កម្សាន្ត​នានា​ដើម្បី​បង្កើន​ភាព​ពេញចិត្ត ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ឈានទៅ​បង្កើន​រយៈពេល​ស្នាក់នៅ ក៏ដូចជា​បង្កើន​ការចំណាយ​របស់​ភ្ញៀវទេសចរ និង​ចាប់យក​តម្លៃបន្ថែម​ពី​វិស័យ​ទេសចរណ៍​ខ្ពស់ជាង​មុន ដើម្បី​បានជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង​ប្រទេស​កម្ពុជា​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ នេះ នឹង​ប្រែក្លាយ​ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​ដ៏​ទាក់ទាញ ប្រកបដោយ​គុណភាព ផ្ដល់នូវ​ធនធាន​ទេសចរណ៍​សម្បូរបែប មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល​លើ​ការអភិរក្ស និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន​ធម្មជាតិ និង​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​បាន​ម្ដង​ហើយ​ម្ដងទៀត ផ្សារភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា គោលបំណង​ជា​យុទ្ធសាស្ត្រ​នៃ​ផែនការ​មេនេះ គឺត្រូវធ្វើ​យ៉ាងណា​ឱ្យ​ខេត្តសៀមរាប​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង និង​ទាក់ទាញ​នៅក្នុង​តំបន់ និង​សកលលោក ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ សាសនា និង​ភាពជា​ខ្មែរ​។

​ឯកឧត្ដម ថោង ខុន បង្ហាញ​ការរំពឹងទុក​ថា ផែនការ​មេនេះ​នឹងចូលរួម​យ៉ាងសកម្ម​ដ​ល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​ជាតិ​ស្តីពី​ទេសចរណ៍​កម្ពុជា ក្នុងការ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​លំដាប់​ពិភពលោក ផ្តល់​ភាពកក់ក្តៅ​ដល់​ទេសចរ និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដោយ​ក្នុងនោះ​ខេត្តសៀមរាប​ត្រូវ​អភិវឌ្ឍន៍​ឱ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ដែល​អាច​ក្តាប់​យកមក​វិញ​នូវ​មោទនភាព​ជា​គោលដៅ​ទេសចរណ៍​ចម្បង​បំផុត​របស់​វិស័យ​ទេសចរណ៍​កម្ពុជា និង​ជា​គោលដៅ​ទេសចរណ៍​ចម្បង​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុ​នុ​រ័ត្ន បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ជាមួយនឹង​ការដាក់ចេញ និង​ការជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​និង​ផែនការ​គន្លឹះ​ទាំងនេះ កម្ពុជា​នឹង​អាច​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជាពិសេស​នៅ​ខេត្តសៀមរាប​នេះ​ផ្ទាល់​តែម្តង ព្រមទាំង​អាច​ចាប់យក​កាលានុវត្តភាព​ពី​វិបត្តិ​នេះ ដើម្បី​ដាក់ចេញ​នូវ​ការកែទម្រង់​ស៊ីជម្រៅ សំដៅ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​, សុវត្ថិភាព និង​ចីរភាព ដែល​នឹង​ផ្តល់​ផ្លែផ្កា​ចូលរួម​ទ្រទ្រង់​ដល់​ការ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

​ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ព្រមទាំង​គ្រប់ភាគី​ពាក់ព័ន្ធ សូម​ចូលរួម​ឱ្យបាន​សកម្ម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុងការ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ឱ្យបាន​សម្រេច​ជោគជ័យ សំដៅ​ចូលរួម​ស្តារ​អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ឆ្ពោះទៅរក​ភាព​រីកចម្រើន​រុងរឿង​នៃ «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close