អាមេរិកដាក់ទណ្ឌកម្ម ភរិយាប្រធានាធិបតីវេណេហ្ស៊ូអេឡា និងមន្ត្រីរដ្ឋាភិបាល ៥រូប

កាលពីថ្ងៃទី ២៥ខែកញ្ញា អាមេរិក បានសម្រេចដាក់ទណ្ឌកម្ម ថ្មីទៅលើភរិយាប្រធានាធិបតីវេណេហ្ស៊ូអេឡា និងសមាជិករដ្ឋាភិបាល​៥រូប ។

តាមការប្រកាសរបស់ក្រសួង ហិរញ្ញវត្ថុអាមេរិក បានបញ្ចាក់ថា  បុគ្គល​៦នាក់ និង ក្រុមហ៊ុន​៣ស្ថិតនៅក្នុងការដាក់ទណ្ឌកម្មថ្មីពីអាមេរិក  ។បុគ្គល​៦រូបដែលរងការដាក់ទណ្ឌកម្មនោះមាន ភរិយាប្រធានាធិបតី  គឺលោកស្រី​Cilia Flores និងរដ្ឋមន្ត្រីការពារជាតិ លោក​ Vladimir Padrino ។ ក្រៅពីនេះទីក្រុងវ៉ាស៊ីតនោន ក៏បាន បង្កក់យន្តហោះផ្ទាល់ខ្លួន​មួយគ្រឿងមានតម្លៃ ២០លានដុល្លារ​នៅអាមេរិក ដែលជារបស់មន្ត្រី​ជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានចោទប្រកាន់ លោក​ Padrino អាយុ​៥៥ឆ្នាំ​ ដែលបានតែងតាំងជា​រដ្ឋមន្ត្រីក្រសួងការពារជាតិវេណេហ្ស៊ូអេឡា កាលពីឆ្នាំ ២០១៤ បានជួយការពារ ដល់រដ្ឋាភីបាល របស់ប្រធានាធិបតីម៉ាឌូរ៉ូ រក្សាអំណាច ។

រដ្ឋាភិបាលអាមេរិក  ជាច្រើនលើកបានសម្រេចបង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងប្រធានាធិបតីវេណេហ្ស៊ូអេឡា  ដែលជាបុគ្គលធ្វើឲ្យប្រទេសនេះធ្លាក់នៅក្នុងភាពចលាចល វិបត្តិសេដ្ឋកិច្ច ។ នៅពេលនេះភាគីវេណេហ្ស៊ូអេឡាមិនទាន់វិភាគអ្វីជុំវិញ​ ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ទៅលើមន្ត្រីជាន់ខ្ពស់ ប្រទេសនេះនៅឡើយ។

វេណេហ្ស៊ូអេឡា ចោទប្រកាន់​៣ប្រទេស​ នៅពីក្រោយការធ្វើឃាតប្រធានាធិបតី មិនបានសម្រេច

ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ  បានចោទប្រកាន់ប្រទេសឈីលី កូឡំបី និងមិចស៊ីកូ​ បានជួយដល់ក្រុម ភេរវកម្ម នៅក្នុងការធ្វើឃាតប្រធានាធិបតី នៅរដ្ឋធានី Caracas ​កាលពីខែសីហាកន្លងមក។

នៅពេលការវាយប្រហារកើតឡើង ប្រធានាធិបតីម៉ាឌូរ៉ូ កំពុងតែថ្លែងសន្តរ​កថា​​ក្នុងឧកាស់ខួប​៨១ឆ្នាំ ទិវាបង្កើតកម្លាំងការពារជាតិ  ក៏ស្រាបតែ មាន ឧប្បករណ៍ហោះហើរគ្មានមនុស្សបើក ផ្ទុកដោយរំសេវផ្ទុះ បានហោះសម្តៅ លោក ម៉ាឌូរ៉ូ ប៉ុន្តែ ត្រូវកម្លាំងការពារ បាញ់កម្ទេច ។​ ប្រធានាធិបតីវេណេហ្ស៊ូអេឡា រួចផុតពីការស្លាប់ ប៉ុន្តែទាហាន ៧នាក់បានរងរបួស ក្នុងហេតុការនោះ។

កាលពីថ្ងៃទី​២៥ខែកញ្ញា រដ្ឋាភិបាលវេណេហ្ស៊ូអេឡា បានបង្ហាញឃ្លីបវីដីអូ​ ដោយយុវជនម្នាក់ឈ្មោះ​​ Henryberth  Rivas ​បានសារភាពពីការវាយប្រហារខាងលើ​ ហើយមានការបើកផ្លូវឲ្យចូលលាក់ខ្លួននៅក្នុងស្ថានទូត ៣ប្រទេសខាងលើ ។ ប៉ុន្តែគម្រោងត្រូវបានបែកធ្លាក់ ហើយយុវជននោះត្រូវបានចាប់ខ្លួន។

មកទលពេលនេះ​វេណេហ្ស៊ូអេឡាបានចាប់ខ្លួនមនុស្ស​១០នាក់ដែលពាក់ព័ន្ធ  ហើយក៏បានចោទប្រកាន់ប្រទេសប៉េរ៉ូ​ក៏ជាប់ពាក់ព័ន្ធផងដែរ ។ ប៉ុន្តែភាគីទាំងអស់បានច្រានចោលនៅការចោទប្រកាន់ខាងលើ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close