អូស្ត្រាលី នឹងជួយគាំទ្រដល់កម្លាំងអនុវត្តច្បាប់កម្ពុជា ក្នុងការត្រៀមបើកព្រំដែនឡើងវិញ!

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។ ប្រធានបទសំខាន់ៗនៃជំនួបនេះ រួមមានកិច្ចសហប្រតិបត្តិការទូទៅនៅក្នុងតំបន់ ក្របខណ្ឌនៃជំនួយរបស់ប្រទេសអូស្ត្រាលីទៅលើក្របខណ្ឌនៃគណនេយ្យភាពសង្គម និងអំពីកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអូស្ត្រាលី ព្រមទាំងការជួយគាំទ្រដល់កម្លាំងអនុវត្តច្បាប់កម្ពុជាក្នុងការត្រៀមបើកព្រំដែនឡើងវិញ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយឯកឧត្តមបានជម្រាបជូនសម្ដេចថាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងដោយមិនមានចេតនាណាមួយក្នុងការបង្កនូវហានិភ័យ ឬអសន្តិសុខនៅក្នុងតំបន់នោះទេ គឺធ្វើឡើងនៅក្រោមហេតុផលសន្តិភាព និងផ្អែកលើតម្រូវការរបស់ភាគីប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងក្របខណ្ឌនៃគណនេយ្យភាពសង្គម ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចក្រឡាហោមថាក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២១នេះតទៅ រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ជំនួយថវិកាប្រមាណ១៥លានដុល្លាអូស្ត្រាលីសម្រាប់អនុវត្តគម្រោងនៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះបានផ្ដល់ជូនតាមរយៈធនាគារពិភពលោក។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្នុងរយៈកាលកន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចផ្ទេរការគ្រប់គ្រងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថាការផ្ទេរមុខងារនេះបានរួមចំណែកធ្វើឱ្យការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាទទួលបានប្រសិទ្ធភាពផងដែរ។

ចំពោះបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរវិញ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនសម្ដេចថាទោះបីជាកម្ពុជាបានប្រឈមនឹងស្ថានភាពជំងឺកូវីដ-១៩ ប៉ុន្តែឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អនេះ ក្នុងនោះកម្មវិធីមួយចំនួននៅតែបន្តអនុវត្តដូចជាការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើសមួយចំនួនក៏នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងសកម្ម។
ឯកឧត្តម ក៏បានជម្រាបជូបសម្ដេចដែរថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមនូវដំណើរការបើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលីក៏រៀបចំកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្ត្រីបំរើការងារផ្នែកអន្តោប្រវេសន៍ ធ្វើយ៉ាងណាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែនឱ្យទទួលបានប្រសិទ្ធភាពនៅពេលដែលដំណើរការនូវការបើកព្រំដែនឡើងវិញ។
ពាក់ព័ន្ធនឹងប្រធានបទនេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងភាគីទាំងពីរក្នុងរយៈពេលកន្លងមក។ ទន្ទឹមនេះ សម្ដេចក៏បានស្នើភាគីអូស្ត្រាលី តាមរយៈឯកឧត្តម ឯកអគ្គរាជទូតធ្វើយ៉ាងណាបង្កើនកិច្ចសហការកាន់តែជិតស្និតខ្លាំងក្លាថែមទៀតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលមានការកើនឡើងទោះបីជាពិភពលោកមានការប្រឈមនឹងជំងឺកូវីដ -១៩។
មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលកន្លងមកទាំងលើការងារបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ និងជំនួយគាំទ្រដល់វិស័យផ្សេងៗនៅកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការពង្រឹងការងារអនុវត្តច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។