ឯកឧត្តម ឃួង ស្រេង បន្តដឹកនាំកម្លាំងត្រៀមសង្គ្រោះប្រជាពលរដ្ឋ ចេញពីតំបន់ទឹកលិច នៅខណ្ឌដង្កោ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីយប់ថ្ងៃ២៧ ខែតុលា ឆ្នាំ២០២១ បានបន្តដឹកនាំកម្លាំងដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីតំបន់ទឹកលិច នៅខណ្ឌដង្កោ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការអនុវត្តតាមអនុសាសន៌សម្ដេចតេជោ ហ៊ុន សែន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ សំខាន់មើលថែ និងការការរពារអាយុជីវិតប្រជាពលរដ្ឋជាកត្តាសំខាន់ និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយឡើយ។ សម្រាប់រាជធានីភ្នំពេញ បានត្រៀមអង្ករចំនួន ១០០០តោន ជារៀងរាល់ពេលដោះស្រាយជាយថាហេតុ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។
យោងតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោមានសង្កាត់ចំនួន ១០ហើយ ដែលទទួលការរងនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ៣០០០គ្រួសារ បានទទួលរងផលប៉ះពាល់ ហើយចំនួននេះ អាជ្ញាធររាជធានីភ្នំពេញក៏គ្រោងនឹងនាំយកជំនួយរបស់សម្ដេចតេជោទៅចែកជូនពួកគាត់ផងដែរ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងទាហាន រួននឹងឧបករណ៍សម្ភារ បានត្រៀមរួចរាល់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបហានិភ័យដោយទឹកជំនន់ ទោះឆ្នាំនេះស្ថានភាពលិចលង់នៅក្នុងមូលដ្ឋានខណ្ឌដង្កោមានទំហំតូចជាងឆ្នាំកន្លងទៅក៏ដោយ។
ទន្ទឹមនឹងនេះ កម្លាំងទាំងអស់បានត្រៀម និងឈរជើងរួចស្រេចហើយនៅទីបញ្ជាការស្រាល ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ មុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។