អាជីវករត្អូញត្អែរឿងមន្ត្រីច្រក បាវិត,កំណត់យកលុយច្រើន ធ្វើឲ្យគាត់រកប្រាក់ចំណេញលែងបាន,,,
(ស្វាយរៀង)៖ ក្រុមអាជីវកររាប់សិបនាក់ដែលបានដឹកទំនិញពីវៀតណាម ចូលមកខ្មែរនិងពីខ្មែរទៅវៀតណាម តាមច្រកទ្វារ អន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បានអះអាងប្រាប់ដូចៗគ្នាថា មន្ត្រីប្រចាំច្រកទ្វារមួយនេះ បានកំណត់យកលុយច្រើនដោយមិនចេញក្រដាសស្នាមឬលិខិតបង់ពន្ធចូលរដ្ឋឡើយ។ ជាហេតុបណ្ដាលឲ្យពួកគាត់ ត្រូវចំណាយលុយបង់ឲ្យ សមត្ថកិច្ចតាមដងផ្លូវជាតិលេខ១ជាហូរហែ រាប់សិបកន្លែងទម្រាំ ដល់គោលដៅនៅរាជធានីភ្នំពេញ។ តៃកុងរថយន្តដឹកបន្លែពីវៀតណាម ម្នាក់បានឲ្យដឹងថា គាត់ដឹកបន្លែ១រថយន្តចំណុះ៥តោន ទម្រាំដល់គោលដៅភ្នំពេញត្រូវចំណាយលុយរត់ការអស់ជាង២លានរៀលក្នុង១ជើង។
ក្នុងនោះបង់លុយឲ្យមន្ត្រីអនុក្រឹត្យ៦៤ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិ បាវិត ច្រើនជាងគេ។ លោកបញ្ជាក់ថា បង់លុយឲ្យការិយាល័យគយបាវិត ចំនួន១៧០,០០០រៀលក្នុង១ជើងជាកំហិត គឺហុចផ្ទាល់ដៃមិនមានចេញក្រដាសស្នាមឬបង់ពន្ធចូលរដ្ឋអ្វីទេ។ រួចបង់ឲ្យកាំកុងត្រូលចំនួន១៤ម៉ឺនរៀល ស្នាក់ការ១៤ម៉ឺនរៀល នគរបាលអន្តោរប្រវេសន៍ចំនួន១៤ម៉ឺនរៀលផងដែរ ដល់សរុបចេញផុតច្រកអស់ចំនួន៥៩០,០០០រៀលក្នុង១ជើង។
មិនតែប៉ុណ្ណោះនៅពេលបើករថយន្តចេញផុតពីច្រកទ្វារបាវិត ហើយ គឺបន្តបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវជាតិលេខ១ ជាហូរហែ មានគយខេត្តស្វាយរៀង គយខេត្តកណ្ដាល ផងនោះ ១កន្លែងជាង១០០,០០០រៀលរហូត។ ទម្រាំដល់គោលដៅនៅភ្នំពេញ ត្រូវចំណាយជាង២លានរៀល សម្រាប់បន្លែ១រថយន្តចំណុះ៥តោន។ ជាមួយគ្នានោះប្រភពពីអាជីវករអ្នកដឹក បន្លែតាមរថយន្តចំណុះ១០តោន បានបង្ហើបថា ជារៀងរាល់លើក ពេលដឹកបន្លែពីវៀតណាមតាមច្រកបាវិត គឺគេមានមេការសម្រាប់រត់ ផ្លូវបង់លុយឲ្យមន្ត្រីអនុក្រឹត្យ៦៤ ដែលប្រចាំច្រកទ្វារ យ៉ាងទៀងទាត់។ ដោយមួយកន្លែងបង់អស់ចាប់ពី៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ដោយយោគយល់ទៅតាមចំនួនទំនិញ បន្លែតិចឬច្រើន។
ហើយរាល់ការបង់លុយទាំងនោះគឺមិនដែលមានចេញក្រដាស់ស្នាមឬលិខិតអ្វីទេ។ ជាមួយគ្នានោះពេលចេញផុតពីច្រក ត្រូវបង់លុយឲ្យសមត្ថកិច្ចក្នុងខេត្តស្វាយរៀង ព្រៃវែង កណ្ដាល ជាហូរហែទៀត ដល់សរុប១ជើងត្រូវចំណាយអស់ចាប់ពី៣លានប្រាំសែនរៀល ដល់៤លានប្រាំសែនរៀល។ សេចក្ដីរាយការណ៍បានបន្ថែមថា មន្ត្រីគយច្រកទ្វារបាវិត បានបើកដៃឲ្យមានទំនិញគេចពន្ធ ដោយប្រើម៉ូតូដឹកជញ្ជូន ពីចំណុចសរ យកមកដីខ្មែរ ធ្វើរបៀបកណ្ដៀរពូនដំបូក។ ខណៈទំនិញទាំងនោះច្រើន ព្រោះខាងវៀតណាម គេដឹកមកដោយប្រើរថយន្តធំៗរួចទម្លាក់ត្រឹមចំណុចសរ។ ឆ្លើយតបនិងការចោទប្រកាន់ខាងលើលោក លឹង សៀងហេង ប្រធានស្នាក់ការ ច្រកបាវិត មិនអាចទំនាក់ទំនងសុំការបកស្រាយបានទេ។ ឯលោក នង សុខុម ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រទ្វារបាវិត ក៏មិនអាចសុំការបកស្រាយបានដែរ នៅរសៀលថ្ងៃទី២២ខែកញ្ញានេះ ដោយលោកនិយាយយ៉ាងខ្លីថារវល់ប្រជុំ,,,។ ឯលោក ខៀវ សារឿន ប្រសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ក៏មិនបានបកស្រាយរាល់ការចោទប្រកាន់ខាងលើដែរ ខណៈលោកប្រើពាក្យថា អរគុណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។