ទោច​ថ្ពាល់​លឿង ប្រភេទ​ពានរ​ដែល​ជិត​ផុត​ពូជ នៅលើ​ពិភពលោក នៅតែ​រក្សា​វត្តមាន​ច្រើនជាងគេ​នៅ​កម្ពុជា

សត្វ​ទោច​ថ្ពាល់​លឿង ត្រូវបាន​កត់ ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ពូជ​នៅលើ​ពិភពលោក​។ សត្វ​ទោច​ប្រភេទ​នេះ មាន​វត្ត​មានតែ​នៅក្នុង​ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា និង​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​។ ​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ថាស​ត្វ​តូច​ថ្ពាល់​លឿង​មាន​ចំនួន​ប៉ុន្មាន​ក្បាល​នៅលើ​ពិភពលោក​នោះទេ តែ​​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ជឿថា​មាន​វត្តមាន​សត្វ​ទោច​ថ្ពាល់​លឿង​ច្រើន ហើយ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​មាន​វត្តមាន​ប្រភេទ​នេះ​ច្រើនជាងគេ​បំផុត តាម​ការប៉ាន់ស្មាន មាន​ប្រហែល ៦៦៩​ក្រុម ឬ​ស្មើ​ប្រមាណ ១០០០ ក្បាល​។​

​កូន​ទោច​ថ្ពាល់​លឿង​មាន​សម្បុរ​ពណ៌​លឿង ហើយនឹង​ប្រែ​ពណ៌​តាម​ភេទ​របស់​វា​។ ​សត្វ​ទោច​ឈ្មោល​មាន​រោម​ពណ៌​ខ្មៅ ហើយ​ថ្ពាល់​ទាំងសងខាង មាន​ពណ៌​លឿង ចំណែក​សត្វ​ទោច​ញី​មាន​រោម​ពណ៌​លឿង​ស្លា​ទុំ​។ ពួកវា​មាន​ដៃជើង​វែងៗ ហើយ​គ្មាន​កន្ទុយ​នោះទេ លើសពីនេះ​គេ​កម្រ​ឃើញ​សត្វ​ទោច​ចុះមក​ដី​ណាស់​។ មេ​ទោច​ត្រូវ​ចំណាយពេល​ពពោះ រយៈពេល ២១០ ថ្ងៃ ក្រោយពី​កើតកូន​ហើយ​យ៉ាងហោចណាស់ ២ ឬក៏ ៣ ឆ្នាំ​ដែរ​ទើប មេ​ទោច​ថ្ពាល់​លឿង​មានកូន​ម្ដងទៀត​។​

​សត្វ​ទោច​ថ្ពាល់​លឿង​ជា​ទម្លាប់​តែងតែ​រស់នៅ​ជា​ក្រុម​ចាប់ពី​២​ក្បាល​ទៅ​៥​ក្បាល​។ ទោច​ថ្ពាល់​លឿង​ចូលចិត្ត​រស់នៅ​លើ​ដើមឈើ​ខ្ពស់ៗ ចិញ្ចឹមជីវិត​ដោយ​ស៊ី​ស្លឹកឈើ និង​ផ្លែឈើ​ជា​ចំណីអាហារ និង​តែងតែ​បញ្ចេញ​សំ​ឡេ ង​ឆ្លើយឆ្លង​គ្នា​បង្កើតជា​ចម្រៀង​យ៉ាង​គ្រលួច​នាពេល​ព្រឹក​ព្រលឹម​។​

​ភ្ញៀវទេសចរ​អាចមក​ទស្សនា និង​ស្តាប់​សំនៀង​ដ៏​ពីរោះ​រណ្តំ​របស់​សត្វ​ទោច​ថ្ពាល់​លឿង​នៅ​ជំរំ Jahoo Gibbon នៅ​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​អណ្តូង ក្រឡឹង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close