ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យអនុវត្តប្រកាសរួមស្ដីពី “ការផ្ដល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍” ———-

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យអនុវត្តប្រកាសរួម “ស្ដីពីការផ្ដល់សេវាសាធារណៈដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍” ។

មានវត្តមានចូលរួមក្នុងអង្គសិក្ខាសាលារួមមាន ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្ដម លោកជំទាវ ជាតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីរាជការថ្នាក់កណ្ដាល និងមន្ទីរ ប.ទ.ខេត្តទាំង២៤ សរុបប្រមាណ ២៥០នាក់។ សិក្ខាសាលាបានធ្វើការផ្សព្វផ្សាយទាក់ទងទៅនឹង ទម្រង់បែបបទ និងនីតិវិធីសម្រាប់អនុវត្តការផ្ដល់សេវាសាធារណៈវិស័យ ICT វិស័យប្រៃសណីយ៍ និងវិស័យទូរគមនាគមន៍ ព្រមទាំងមានការពិភាក្សាសំណួរចម្លើយ ដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូលបានយល់កាន់តែច្បាស់ផងដែរ។ មានប្រសាសន៍បើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលានេះ ដែលនឹងផ្ដល់ការយល់ដឹងបន្ថែមកាន់តែទូលំទូលាយដល់មន្ត្រីជំនាញអនុវត្តផ្ទាល់នៅរដ្ឋបាលកណ្ដាល និងមកពីមន្ទីរជំនាញ ប.ទ.ខេត្តទាំងអស់។

ឯកឧត្ដមបន្ថែមទៀតថា ប្រកាសរួមរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាសកម្មភាពមួយរួមចំណែកគាំទ្រនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់” និង “គ្មានលទ្ធផលណាដែលបានមកដោយមិនបង់ថ្លៃនោះទេ ហើយក៏គ្មានកំណែទម្រង់ណាដែលសម្រេចបានដោយមិនមានការលះបង់នោះដែរ”។

ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា ដែលទើបនឹងដាក់ចេញកាលពីសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងចតុកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រប់មុំទី៣ បានកំណត់ថា “ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និង ឆ្លើយតបនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤” គឺវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាជាវិស័យអាទិភាពមួយដែលមានតួនាទីដ៏សំខាន់ក្នុងការជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។

ដើម្បីសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំខ្លួនចាប់យកកាលានុវត្តភាព ដោយត្រូវផ្តោតសំខាន់ទៅលើការពង្រឹង និងពង្រីកឌីជីថលទាំងផ្នែកទន់និងផ្នែករឹង ការរៀបចំអភិវឌ្ឍធនធានមនុស្សនិងជំនាញ ការបង្កើតក្របខណ្ឌគតិយុត្តដែលពាក់ព័ន្ធ ព្រមទាំងជំរុញការស្រាវជ្រាវនិងនវានុវត្តន៍។ ទន្ទឹមនឹងនេះក៏ត្រៀមខ្លួនឆ្លើយតបនូវបញ្ហាប្រឈមនានា ដែលកើតមាននាពេលខាងមុខផងដែរ ជាពិសេស គឺបទល្មើសតាមបច្ចេកវិទ្យាទូរគមនាគមន៍។ មុនបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថាក្រោយពីបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយនេះ សមាជិក សមាជិកានៃអង្គសិក្ខាសាលានឹងបង្កើនសមត្ថភាព និងធនធានសម្រាប់ចួលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ឱ្យទទួលបានលទ្ធផលល្អប្រសើរជាងមុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close