១០​ខែ ឆ្នាំនេះ​! ការនាំចេញ​កសិផលរ​បស់​កម្ពុជា ទំហំ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក

​ភ្នំពេញ​៖ យោងតាម​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស មាន​បរិមាណ​សរុប​ចំនួន ៦ ៣៦៤ ៦០៧,២៤ តោន ទៅកាន់​ទិសដៅ ៦៨​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ២ ៩៧០ ៦៩១,៦០​តោន​ស្មើនឹង ៨៧,៥៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួលបាន​ត្រឹមតែ ៣ ៣៩៣ ៩១៥,៦៤​តោន​។

​កសិផល​សំខាន់ៗ ដែល​បាន​នាំចេញ រួមមាន​៖ អង្ករ ស្រូវ ចំណិត​ដំឡូង​មី​ក្រៀម​
​ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី កាកសំណល់​ដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់​សណ្តែកបាយ គ្រាប់​សណ្តែកសៀង ផ្លែ​ចេក​ស្រស់ ផ្លែ​ក្រូចថ្លុង ផ្លែស្វាយ​ស្រស់​
 ដំណាប់​ស្វាយ ទឹក​ស៊ី​រ៉ូ​ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ ម្ទេស​ក្រៀម និង​ផលិតផល​ចំនួន ៨៤​មុខ​ផ្សេងទៀត​។​

​តម្លៃ​នៃ​ការនាំចេញ​កសិផល ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២១ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល (​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ៣ ៦៩២ ១៨៣ ១៨៩,៣៧​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​៖
 ការនាំចេញ​អង្ករ​មាន​ចំនួន ៣៩២ ៩៨៤ ៣២៦​ដុល្លារ​អាមេរិក
 ការនាំចេញ​ស្រូវ​មាន​ចំនួន ៤៦៥ ៤៩៨ ២៥០​ដុល្លារ​អាមេរិក
 ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៨៣៣ ៧០០ ៦១៣,៣៧​ដុល្លារ​អាមេរិក​។

​សម្រាប់​ការ​ការនាំចេញ​កសិផល​សរុប ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៧,៥៣% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១០៦,៦២% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -១៤,២០% ដោយសារ តម្លៃ​នៃ​ការដឹកជញ្ជូន​ទៅកាន់​គោលដៅ​មានការ​កើនឡើង​ទ្វេដង និង​ជួបប្រទះ​បញ្ហា​នឹង​កង្វះ​ទូរ​កុង​តេ​ន័​រ ទំហំ ២០​ហ្វិ​ត សម្រាប់​ផ្ទុក​អង្ករ នាំចេញ ដោយ​បច្ចុប្បន្ន សម្បូរ​ទៅដោយ​ទូរ​កុង​តេ​ន័​រ​ដែលមាន​ទំហំ ៤០​ហ្វិ​ត ដែល​មិនអាច​ប្រើប្រាស់​បាន​ឲ្យ​ស្របតាម​បទដ្ឋាន​គតិយុត្ត​នៃ​ការដឹកជញ្ជូន ព្រោះ​ផ្ទុក​ទៅនឹង​លើស​ទម្ងន់​កំណត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close