សម្តេចតេជោ ប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញ ចាប់ពីថ្ងៃទី១ វិច្ឆិកានេះ តទៅ និងអំពាវនាវដល់ពលរដ្ឋ ឱ្យរៀនរស់នៅ តាមបែបគន្លងថ្មី

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសបិទជាផ្លូវការកម្រិតថ្នាក់ជាតិនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ៥ឆ្នាំ ដោយនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ និងការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។ ក្នុងពេលនោះដែរ សម្តេចក៏បានមានប្រសាសន៍សំខាន់ៗទាក់ទងនឹងចំណុចផ្សេងៗទៀតដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានបំណងសហការជាមួយថៃ ដើម្បីនាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់ជូនពលរដ្ឋខ្មែរដែលរស់នៅក្នុងទឹកដីថៃទៀតផង។ សម្តេចតេជោ បានបន្តថា យើងបានពិភាក្សាគ្នាខ្លះដែរជាមួយភាគីថៃ ដូច្នេះប្រសិនថា បានឬមិនបាន សូមពលរដ្ឋខ្មែរយើងនៅថៃមានការយោគយល់ ព្រោះវាអាស្រ័យលើរដ្ឋាភិបាលថៃដែរ តើអនុញ្ញាតដែរឬទេ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង១៣លាននាក់ហើយ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុន បានទទួលចាក់វ៉ាក់សាំងបាន១០០ភាគរយដែរ។
ក្រៅពីនេះ ទាក់ទឹងនឹងស្ថានភាពជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់ពេលនេះមានអ្នកជម្ងឺកូវីដ-១៩ ចំនួន ១១០០នាក់ហើយ កំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់។ សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្ននេះ អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនគឺមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។
សម្តេចក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងនានា ដែលកំណត់ដោយអាជ្ញាធររាជធានី-ខេត្ត ទូទាំងប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។