យុវជន​ម្នាក់ បើក​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត កិន​ស្លាប់​ភ្លាមៗ នៅ​ស្រុក​សង្កែ​

​ខេត្តបាត់ដំបង​៖ កាលពី​យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កដោយ​ម៉ូតូ និង​រថយន្ត បណ្តាល​ឲ្យ​យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្រុមទី​២ ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​នគរបាល​ស្រុក​សង្កែ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1W-9775 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​មិន​ប្រកាន់​ស្តាំ បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត ម៉ាក​កាមរី សេរី​ឆ្នាំ​២០០៧ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2B-5171 បញ្ច្រាស់ទិស​គ្នា ហើយក៏​ដួល​ចូល​ក្រោម​រថយន្ត​ធុន​ធ្ងន់ ១​គ្រឿង​ទៀត មិន​ស្គាល់​ម៉ាក បើកបរ​ស្រប​ទិស​គ្នា ត្រូវ​កិន​ស្លាប់​ភ្លាមៗ នៅ​កន្លែង​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ រ៉ា​យ សា​រឿង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ រីឯ​អ្នកបើកបរ​ម្ខាង​ទៀត ឈ្មោះ ស៊ីន សុខា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ចំណែក​រថយន្ត​ធំ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​។

​ក្រោយពេល​កើតហេតុ នគរបាល​ស្រុក បាន​ចុះ​វាស់វែង រួច​ដកហូត​មធ្យោបាយ​បង្ក​ទាំងពីរ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដំណោះស្រាយ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close