សមត្ថកិច្ច បង្ក្រាប​គ្រឿងញៀន​ជិត ៥៩​គីឡូក្រាម ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ២​នាក់ ក្នុងករណី​បង្ក្រាប​គ្រឿង​ជិត ៥៩​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​បើតាម​របាយ​ការ​ពី​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤ និង​២០​នាទី​រសៀល ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយ​ចាប់បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ង្វៀង វី​ង​ទី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ វៀតណាម និង​សារធាតុ​ញៀន​មួយចំនួន​តូច​។ លុះដល់​ម៉ោង​១៥ និង​៣០​នាទី ថ្ងែ​ដដែល កម្លាំង​ជំនាញ បានធ្វើ​ការឆែកឆេរ និង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហេង គឹម​ហេង ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៧ ផ្លូវ​លេខ​៣០០ ក្រុម​១៩ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ចំណែក​វត្ថុតាង​ចាប់បាន​៖ មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ៣.៥១​ក្រាម​, កេ​តា​មីន ទម្ងន់​សុទ្ធ ៥០.៤២​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់​សុទ្ធ ១​គ​.​ក្រ ៥១៧.៣២​ក្រាម​, មេកា​ទី​ណូន​ទម្ងន់​សុទ្ធ ៤៦ គ​.​ក្រ ៧៧៤​ក្រាម​, សរុប​ទម្ងន់ ៥៨ គ​.​ក្រ ៣៤៥.២៥​ក្រាម និង​សារធាតុ​ផ្សំ​(​មិន​ច្បាស់​) ៦​គ​.​ក្រ ២១៤.៣៦​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close